ចំណាយពេល និង​ជីវិត ដើម្បី​រចនា​ម៉ូត​សម្លៀក​​បំពាក់​បុរាណ​តុក្កតា

0
733

សម្លៀក​បំពាក់​បុរាណ​ខ្មែរ​យើង​ត្រូវ​បាន​រចនា​ម៉ូ​ដ​យ៉ាង​ស្រស់​ស្អាត​បំពាក់​ឱ្យ​មនុស្ស ក៏​ប៉ុន្តែ​វា​នឹង​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត ប្រសិនបើ​លៀក​បំពាក់​ពាក់​ទាំងនោះ​ត្រូវ​បាន​ពាក់​នៅ​លើ​តុក្កតា​ប្រភេទ​កូនក្រមុំ និង​កូន​កំ​ឡោះ​។

ជាក់ស្ដែង អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ គឺ លោក ជៀប ស៊ី​បូ​រ៉ា បាន​វិល​ត្រឡប់​មក​វិញ​ជាមួយ​ការ​ច្នៃ​ម៉ូ​ដ​ម្ដងទៀត បន្ទាប់​ពី​ចំណាយពេល​សិក្សា និង​ធ្វើ​ការងារ​នេះ​អស់​រយៈពេល​៩​ឆ្នាំ​កន្លង​មក​ហើយ​។ លោក ជៀប ស៊ី​បូ​រ៉ា បច្ចុប្បន្ន​មាន​វ័យ​26​ឆ្នាំ ត្រូវ​បាន​មហាជន​ស្គាល់​តាម​រយៈ​ស្នាដៃ​ច្នៃ​ម៉ូត​សំលៀក​បំពាក់ គ្រង​លើ​តុក្កតា​បា​ប៊ី និង​ធ្លាប់​ចាប់​ការ​ប្រកួត​តុក្កតា​បា​ប៊ី​តំណាង​ឱ្យ​រាជធានី​-​ខេត្ត​ទាំង​២៥​របស់​កម្ពុជា​ទៀត​។ អ្នក​​រចនា​ម៉ូ​ដ​បុរាណ​វ័យក្មេង​រូប​នេះ មានស្រុក​កំណើត​នៅ​លើ​ទឹកដី​អង្គរ​ធ្លាប់​ទទួល​បានការ​គាំទ្រ និង​ស្ងើចសរសើរ​ជា​ច្រើន​ចំពោះ​ស្នាដៃ​ច្នៃ​ម៉ូ​ដ​សំលៀក​បំពាក់​របស់​លោក ដែល​មើលទៅ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត និង​បង្ហាញ​ពី​វប្បធម៌​របស់​ខ្មែរ​។

យ៉ាងណាមិញ ដើម្បី​សម្រេច​ក្ដី​សុបិន​មួយ​នេះ លោក​បាន​ចំណាយពេល​ផ្ទាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ លើ​ការ​ច្នៃ​ម៉ូត​សំលៀក​បំពាក់​ទាំងនោះ​។ តែ​នៅ​មិន​ទាន់​សម្រេច​ទាំងស្រុង​នោះ​ទេ ព្រោះ​ការ​ច្នៃ​ម៉ូ​ដ​របស់​លោក​កន្លង​មក ភាគច្រើន​មាន​តែ​បំពាក់​ឱ្យ​តុក្កតា​បា​ប៊ី​ដែល​ជា​ភេទ​ស្រី ហើយ​នៅ​មិន​ទាន់​មាន​ជា​ប្រភេទ​តុក្កតា​ប្រុស​នៅឡើយ​។

លោក ជៀប ស៊ី​បូ​រ៉ា បាន​បញ្ជាក់​ថា ការ​រចនា​ម៉ូ​ដ​បុរាណ​ឱ្យ​តុក្កតា​ប្រុស គឺ​កើតឡើង​ពី​ការ​ស្រ​ម៉ៃ និង​បាន​ដកស្រង់​ចេញពី​ចម្លាក់​ទេវរូប និង​ចម្លាក់​ផ្សេង​ៗ​ទៀត ដើម្បី​ឱ្យ​ច្នៃ​ទៅ​មិន​ខុស​ទម្រង់​បុរាណ​ខ្មែរ​យើង​។ លោក​បន្ដ​ថា មាន​ម៉ូ​ដ​ខ្លះ ត្រូវ​បាន​លោក​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​ឱ្យ​មើលទៅ​ប្លែក​ភ្នែក តែ​នៅ​រក្សា​ជា​ទម្រង់​បុរាណ​ដដែល​។

អ្នក​រចនា​ម៉ូ​ដ​សម្លៀក​បំពាក់​បុរាណ​ទាំង​វ័យក្មេង​រូប​នេះ បាន​បញ្ជាក់​ដែរ​ថា លោក​រចនា​ម៉ូ​ដ​សម្រាប់​តុក្កតា​ប្រុស គឺ​ដើម្បី​ចង់ឱ្យ​មហាជន​គ្រប់​គ្នា​បាន​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សម្លៀក​បំពាក់​បុរស​របស់​ខ្មែរ​នា​សម័យ​​បុរាណ​។ លោក​ជឿជាក់​ថា វា​ជា​ចំណេះដឹង​ល្អ​មួយ​ក្នុង​ការ​សិក្សា​ពី​វា និង​បាន​បញ្ឈប់​ការ​យល់​ច្រឡំ​លើ​ដើម​កំណើត​សម្លៀក​បំពាក់​របស់​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង​ដទៃ​ទៀត​។ លោក​ថា ការ​ច្នៃ​ម៉ូ​ដ​នេះ មិនមែន​សម្រាប់​ការ​ប្រកួត​អ្វី​ទាំងអស់ តែ​គឺ​ដើម្បី​ការ​ភិ​រក្ស និង​ថែរក្សា​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​តែ​ប៉ុណ្ណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)