រាជធានីភ្នំពេញ៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍កញ្ញាកែវ សីហា នាពេលកន្លងមកមិនដែលលេចឮដំណឹងស្នេហាជាមួយបុរសណាម្នាក់ទេ ។ ដុះពន្លកចេញពីកម្មវិធីពេជ្រកំពុងច្នៃ នាងលេចត្រដែតឡើងក្នុងនាមជាពិធីការិនីផ្តាច់មុខនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ លាក់បាំងរឿងស្នេហា ពេលនេះដល់ពេលដែលនាងបង្ហាញឡើងហើយ។
កញ្ញាកែវ សីហា កាលពីពេល ថ្មីៗកន្លងមកបានទទួលស្គាល់ថា នាងមានគម្រោងចូលរោងការនៅដំណាច់ឆ្នាំ២០១៩នេះ បន្ទាប់ពីនាងបានភ្ជាប់និស្ស័យស្នេហ៍ជាមួយអនាគតស្វាមីរយៈពេលជិត១០ឆ្នាំមកនេះ ។
ជាមួយដំណឹងចូលរោងការនេះពិធីការិនីស្រស់សោភាកញ្ញាកែវ សីហា បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា មុននឹងឈានដល់ពិធីមង្គការរូបនាង បានភ្ជាប់ពាក្យជាមួយគូដណ្តឹងរយៈពេលជាង៣ឆ្នាំមកហើយ។ នាងបញ្ជាក់ថា «សម្រាប់ការកំណត់នៃការចោលរោងការនេះគឺ ចាស់ទុំទាំងសងខាងបានដេញពេលារួចហើយ ដោយពួកនាងនឹងចូលរោងការនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ ដោយមិនអាចពន្យាររហូតដល់ឆ្នាំ២០២០ឡើយ ដោយសារជាឆ្នាំគត់មិនល្អ»។
បើតាមកញ្ញាកែវ សីហា រូបនាង និងអនាគតស្វាមីបានស្រលាញ់គ្នារយៈពេល៩ឆ្នាំមកហើយ តាមរយៈការណែនាំពីចាស់ទុំទាំងសងខាង ខណៈពេលដែលរូបនាង និងអនាគតស្វាមីដែលមានការងារជាដុកទ័រនោះ ក៏ពេញចិត្តគ្នាទាំងសងខាងផងដែរ ។ កញ្ញាកញ្ញាកែវ សីហា បើទោះបីជារៀបការសាងគ្រួសាររួចក៏ដោយ នាងមិនបញ្ចប់អាជីពសិល្បៈឡើយ ពោលគឺនៅតែបន្ត ក្នុងពេលដែលអនាគតស្វាមីរបស់នាងក៏មិនបានហាមឃាត់ដែរ ។
កែវ សីហា គឺជាតារាសម្ដែង ដើរម៉ូដ និងជាពិធីការិនីដ៏មានទេពកោសល្យម្នាក ់។ នាងបានចាប់អាជីពសិល្បៈនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ២០១១មកក្រោយពីបានចូលរួមប្រឡងក្នុងកម្មវិធី«ពេជ្រកំពុងច្នៃ» ទទួលបានចំណាត់ថ្នាក់លេខ១ ។ បើទោះបីជាបង្ហាញមុខក្នុងពិភពសិល្បៈច្រើនឆ្នាំមកហើយក្ដី ស្រីស្អាត សម្ដីស្រទន់រូបនេះមិនធ្លាប់លេចឮព័ត៌មានស្នេហាទេ ។
កន្លងមកឆ្លើយតបនឹងចម្ងល់ពីរឿងស្នេហា សីហា ថា នាងមិនទាន់មានម្ចាស់ចិត្ត ឬគូកំណាន់អ្វីទេ ហើយក៏មិនទាន់គិតគូរដែរ ដ្បិតនាងកំពុងមមាញឹកជាមួយការងារ ។ កន្លងមានអ្នកតាមទាក់ចិត្តនាងច្រើន មានទាំងអ្នកនៅក្នុងស្រុកផង និងក្រៅស្រុកផង តែនាងបានបដិសេធទាំងអស់ ព្រោះមិនទាន់ត្រូវចិត្ត ។ ទីបំផុតរឿងស្នេហារបស់កែវ សីហា បានលាតត្រដាងនាពេលនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)