រាជធានីភ្នំពេញ៖ តារាកំប្លែងសម្បូរពាក្យពេចន៍ឲ្យអ្នកមើលសើចសប្បាយអ្នកនាងម៉ក់ សុគន្ឋដានិច្ច ហៅប្រិមប្រិយ ខកស្នេហ៍ច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពេលនេះបានជួបស្នេហ៍ចុងក្រោយ និងលេចឮថាត្រៀមនឹងចូលរោងការទៀតផង ។ តើបុរសនោះជានរណា ?
ក្នុងអំឡុងពេលនេះលេចឮព័ត៌មានថាតារាកំប្លែងនាងប្រិមប្រិយ ប្រហែលដល់គូមែនទែនហើយ ដោយបុរសនោះសមតាមអ្វីដែលនាងប្រាថ្នា ហើយពួកគេនឹងចូលរោងការនាពេលខាងមុខប្រសិនបើក្ដីស្នេហ៍ដែលសាងឡើងនេះកាន់តែប្រសើរឡើង ។
នៅពេលលេចឮថាប្រិមប្រិយជួបស្នេហាម្តងទៀតហើយនាពេលនេះ មិត្តជិតដិតបានជូនពរនាងឲ្យជួបតែសុភមង្គល ជាស្នេហ៍អមតៈតទៅ កុំឲ្យបែកបាក់ទៀត ។ បុរសដែលប្រិមប្រិយស្ម័គ្រស្នេហ៍នោះឈ្មោះ«សុនដៃអក»ជាតន្ត្រីករប្រគំនៅតាមស្ថានីយទូរទស្សន៍មួយចំនួន ។ មិនដឹងថាពួកគេឆក់បេះដូងគ្នាតាំងតែពីពេលណានោះទេ តែមានប្រភពទម្លាយឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ពួកគេអាចនឹងរៀបការនៅដើមឆ្នាំ២០២០ខាងមុខនេះ ។
ទោះជាយ៉ាងណាក្ដីប្រិមប្រិយ មិនទាន់បើកបង្ហាញគូស្នេហ៍នេះទេ ទាំងតាមហ្វេសប៊ុករបស់នាងក៏មិនឃើញបង្ហាញរូបភាពផ្អែមល្ហែមនឹងគ្នា ដូចគូស្នេហ៍កន្លងមកទេ ។ ដូច្នេះហើយរឿងស្នេហ៍របស់ប្រិមប្រិយនឹងបុរសនោះ វាមិនទាន់ច្បាស់លាស់នៅឡើយ ។
អតីតកាលរបស់តារាកំប្លែងនាងប្រិមប្រិយគឺនាងជួបស្នេហាទី១ក្រោយសម្រេចចិត្តចូលក្រុមកំប្លែងដ៏លេចធ្លោមួយមុនពេលងាកទៅក្រុមនាយកុយ ។ អំឡុងពេលនោះនាងបានបង្កាត់ភ្លើងស្នេហ៍ជាមួយតារាកំប្លែងម្នាក់ដែលមានឈ្មោះល្បី ។ ពួកគេមានកូនស្រីម្នាក់ជាមួយគ្នា ប៉ុន្តែស្នេហ៍នេះបានដល់ផ្លូវបំបែកជាយូរមកហើយ ។ ដូច្នេះហើយប្រិមប្រិយ តស៊ូរកលុយចិញ្ចឹមកូនស្រីដោយប្រកាន់យកអាជីពសិល្បៈជាធំ។
បន្ទាប់ពីចូលជាសមាជិកក្រុមកំប្លែងនាយកុយ មក សន្ទុះកេរ្តិ៍ឈ្មោះនាងប្រិមប្រិយកាន់តែល្បីឡើង ព្រោះនាងមានសម្រស់ស្រស់ស្អាតគួបផ្សំជាមួយការមានទេពកោសល្យសិល្បៈកំប្លែងផង ។
ប្រវត្តិស្នេហ៍ថ្មីមួយទៀតរបស់នាងប្រិមប្រិយគឺកើតឡើងពេលនាងទៅសម្តែងនៅអាមេរិកជាមួយនាយក្រិន រយៈពេល៦ខែ កាលពីជិត២ឆ្នាំមុន ។ នាងបានសាងស្នេហ៍នឹងបុរសវ័យក្មេងម្នាក់ដែលជាអ្នកចម្រៀងដែរ ។ បុរសកូនខ្មែរនៅអាមេរិកនោះ គឺលោកនីតអតីតបេក្ខជនក្នុងកម្មវិធីប្រឡងចម្រៀងជាតិជាសាកល ។
បានប៉ុន្មានខែក្រោយមក បុរសនោះមកភ្ជាប់ពាក្យជាមួយនាងប្រិមប្រិយ ធ្វើឲ្យមហាជន និងអ្នកសិល្បៈរួមអាជីព យល់ថាប្រិមប្រិយ នឹងបានចូលរោងការសាងជីវិតគូជាមួយបុរសនោះហើយ ។ ទោះជាយ៉ាងណាក្ដីវាមិនដូច្នោះទេ ពួកគេកើតភាពមិនចុះសម្រុង ហើយក៏ចែកផ្លូវគ្នា ។
ជួបស្នេហ៍មិនសមប្រកបម្ដងហើយម្ដងទៀតនាពេលកន្លងមកបែបនេះធ្វើឲ្យមិត្តភក្តិអ្នកសិល្បៈចាត់ទុកថាប្រិមប្រិយ ជានារីអភ័ព្វស្នេហ៍ តែស្នេហ៍ថ្មីនេះនឹងលុបពាក្យនេះពីជីវិតនាង បើបានសមប្រកប រៀបការរួមរស់នឹងគ្នាតរៀងទៅ ៕ (កែសម្រួលដោយ ៖ បុប្ផា)