និយាយដល់ខេត្តក្រចេះ អ្នកណាខ្លះធ្លាប់បានទៅលេង និងបានញ៉ាំរបស់ឆ្ងាញ់ៗប្រចាំខេត្ត នៅភូមិភាគឦសាននេះខ្លះ។ អ្នកធ្លាប់បានទៅច្បាស់ជាបានដឹងបានស្គាល់កន្លែងដើរលេង និងរបស់ឆ្ងាញ់ៗខ្លះហើយ ម៉ោះសម្រាប់អ្នកមិនទាន់បានទៅដល់ទឹកដីខេត្តនេះ ហើយមានគម្រោងថាទៅលេង Admin នាំអោយស្គាល់របស់ឆ្ងាញ់ប្រចាំខេត្តទាំង ៣មុខ ធានាថាបានញ៉ាំហើយដឹងតែលាន់មាត់សរសើរតែម្ដង។
ក្រឡានថ្មគ្រែ
ក្រឡានថ្មគ្រែ គឺជាអ្វីដែលអ្នកមិនគួររំលងជាដាច់ខាត ព្រោះថាមិនថារសជាតិនៃក្រឡាននេះ គឺឆ្ងាញ់ប្លែកពីក្រឡានស្រុកដ៏ទៃ។ សាច់ក្រឡានទន់ និងមានក្លិនឈ្ងុយ ដែលមានរហូតដល់ទៅ ៣ប្រភេទជាតិដូចជា៖ ក្រឡានធម្មតា ក្រឡានខ្នុរ និងក្រឡានខ្ទិះ។ ទាំង៣ប្រភេទនេះ ញ៉ាំមួយណាក៏បានដែរ រើសបានតាមចំណូលចិត្តព្រោះថារសជាតិឆ្ងាញ់ៗដូចគ្នា។



ណែម
ណែមក្រចេះ បច្ចុប្បន្នក៏ល្បីមិនចាញ់ណែមបាត់ដំបងប៉ុន្មានដែរ ព្រោះតែរសជាតិដ៏ឆ្ងាញ់ដែលគេបានយកត្រីធម្មជាតិនេសាទបានពីទន្លេ យកមកធ្វើបូករួមជាមួយគ្រឿងផ្សំដ៏ប៉ិនប្រសប់របស់អ្នកខេត្តក្រចេះធ្វើអោយសាច់ណែមមានរសជាតិឆ្ងាញ់ពិសេសតែម្ដង។ សម្រាប់ណែមនេះគឺមានប្រភេទណែមសាច់ត្រី និង ណែមស្បែកជ្រូកពិសេស។





ក្រូចថ្លុងកោះទ្រង់
ក្រូចថ្លុង ដែលដាំលើទឹកដីកោះទ្រុងទល់មុខក្រុងក្រចេះ នរណាមិនសរសើរអំពីររសជាតិដ៏ឆ្ងាញ់នៃក្រូចនេះ ព្រោះថាសាច់ក្រូចមានទឹកល្អមិនស្កក មានរសជាតិផ្អែម និងសាច់ក្រូចហាប់ណែនល្អ។ បើអ្នកទាំងអស់គ្នាបានទៅដល់ទីរួមខេត្តហើយនោះ បើអាចឆ្លៀតឆ្លងសាឡាងឡើងទៅកោះទ្រង់មើលចំការក្រូចរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ គឺដាំពីមុខផ្ទះដល់ក្រោយផ្ទះតែម្ដងមិនទុកដីអោយទំនេរបន្តិចសោះឡើយ។ ហើយបើបានទៅដល់ផ្ទាល់បែបនេះហើយ ទិញពីពួកគាត់ផ្ទាល់តែម្ដងកាន់តែល្អ ព្រោះបានបេះពីដើមភ្លាមៗ មិនបារម្ភថាជាក្រូចយកមកពីណាផ្ដេសផ្ដាស។



