ជិតដល់ថ្ងៃឈប់ល្មម រកកន្លែងរំលាយស្ត្រេសឃើញនៅ? ទៅលេងកោះហ្អី? គ្រាន់តែឮថាសមុទ្រអារម្មណ៍ហោះទៅដល់មុនបាត់។ តែទៅលេងនៅណាសប្បាយ ហើយចាយលុយអស់តិច? ចាំ Admin ណែនាំកន្លែងគេង និងញ៉ាំ ឆ្ងាញ់ៗ ថោក ហើយស្អាត នៅកោះឲ្យបានស្គាល់។
បើតាមបទពិសោធ ចង់ទៅលេងកោះ មុជទឹកសមុទ្រមើលផ្កាថ្ម ហើយចំណាយអស់តិច គ្នាយើងអាចទៅលេងនៅតំបន់ ភូមិ ២៣ ដែលស្ថិតនៅលើកោះរុងសន្លឹម។ បើនិយាយពីទេសភាពវិញស្អាតសាហាវ ទឹកសមុទ្រថ្លាដូចកញ្ចក់ និងមានកោះតូចធំនៅក្បែរៗនោះដែរ ក្រៅពីនេះ នៅទីនោះសម្បូរ បារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ស្អាតៗ ហើយមានតម្លៃធូរថ្លៃទៀត។ ចំពោះសុវត្ថិភាពវិញ មិនបាច់បារម្ភទេ ព្រោះភាគច្រើនមានតែខ្មែរយើង និងអឺរ៉ុបប៉ុណ្ណោះដែលទៅកំសាន្ត និងរកស៊ីនៅលើកោះមួយនេះ។



ឥឡូវមកដឹងពីក្បួនចាយលុយអស់តិចវិញម្តង៖
- ថ្លៃឡាន (VIP)៖ ភ្នំពេញ – ព្រះសីហនុ តម្លៃ ១៤$ (សំបុត្រទៅ និងមក) គួរជិះក្រុមហ៊ុន Cambodia post ព្រោះមានតម្លៃសមរម្យជាងគេ សេវាកម្មក៏ល្អ (អាចកក់សំបុត្រតាម App Bookmebus ព្រោះអាចមានការបញ្ចុះតម្លៃបន្ថែម)។
- ទូក ៖ កំពង់សោម – កោះរុងសន្លឺម តម្លៃ ២២$ (សំបុត្រទៅ និងមក) គួរជិះក្រុមហ៊ុន Buva Sea ព្រោះមានតម្លៃសមរម្យ ម៉្យាងទៀតមានម៉ោងចេញច្រើនជើង (អាចកក់សំបុត្រតាម App Bookmebus ព្រោះអាចមានការបញ្ចុះតម្លៃបន្ថែម)។
- កន្លែងគេង៖ ២ យប់ ១៦$ មានផ្តល់ជូនអាហារពេលព្រឹកហ្រ្វី (កន្លែងគេងលក្ខណៈជាដម មានគ្រែ ១ ) យកល្អគួរគេងនៅ The Cliff Hostel & Restaurant ព្រោះមិនត្រឹមតែធូរថ្លៃទេ តែបើបានឃើញទេសភាពវិញដឹងតែពេញចិត្តស្តូកហ្មង មានទាំងកន្លែងមើលថ្ងៃលិច មុជទឹកមើលផ្កាថ្ម ដើរទៅលេងទឹកធ្លាក់ទៀតណា។ អាចកក់តាម Booking.com បាន។
The Cliff Hostel ដើម្បីកក់ ចុចទីនេះ
Easy Tiger Bungalows ដើម្បីកក់ ចុចទីនេះ
Lost and Found ដើម្បីកក់ ចុចទីនេះ
Yellow Moon M23 ដើម្បីកក់ ចុចទីនេះ
On the Rocks ដើម្បីកក់ ចុចទីនេះ






- បាយថ្ងៃត្រង់ និង ពេលល្ងាច៖ ២ ថ្ងៃនៅលើកោះ បាយថ្ងៃ និងល្ងាចឡើងអស់យ៉ាងច្រើន ៤០$ ទេ។ បាយថ្ងៃយើងអាចញ៉ាំនៅកន្លែងយើងគេងបាន ព្រោះតម្លៃសមរម្យ ញ៉ាំម៉ាឆ្ងាញ់ម្នាក់ឯងអស់ប្រហែល ១០$ ចំណែកល្ងាចឡើងអាចទៅញ៉ាំបូហ្វេនៅហាងឈ្មោះ The Fish Hook ម្នាក់តែ ៨$ ទេ រសជាតិក៏មិនអន់ដែរ មានទាំងគ្រឿងសមុទ្រ និងអាហារជាច្រើនទៀត។




