បើមិនឆ្ងាញ់ មិនខ្ចីយកលុយ?សម្លរកកូរត្រី របៀបផ្សំគ្រឿងពិសេស

0
4249

ចប់ចូលឆ្នាំហើយ ឆា ចៀន ដុត ប្រហែលជាទ្រលាន់ហើយដែរ ចឹងមានតែងាកមករកសម្លរបែបខ្មែរវិញម្តងទើបបាន នោះគឺសម្លរកកូរត្រី ធ្វើតាមរូបមន្តនេះធានាថាឆ្ងាញ់ជាប់មាត់ចឹងហ្មង?

☑️គ្រឿងផ្សំ

– ត្រី 350ក្រាម
– អង្ករលីង 200ក្រាម
– ស្លឹកគ្រៃ 5 គល់
– រមៀត 3 មើម
– ខ្ទឹមស 3 កម្ពឹស
– ល្ហុង 400 ក្រាម
– សណ្ដែកគួរ 50 ក្រាម
– ល្ពៅ 100 ក្រាម
– ចេកខ្ចី 2 ផ្លែ
– ត្រប់ស្រួយ 30 ក្រាម
– ស្លឹកម្រំ 2 ក្ដាប់
– ប្រេងឆា 50 ក្រាម
– ស្លឹកបាស់ 2 ក្ដាប់
– ផ្ទី 2 ក្ដាប់
– ត្រប់ញង 20 ក្រាម
– ស្ករស 2 ស្លាបព្រាបាយ
– ប៊ីចេង 1 ស្លាបព្រាបាយ
– អំបិល 1/2 ស្លាបព្រាបាយ
– ទឹកត្រី 2 ស្លាបព្រាបាយ

☑️ វិធីធ្វើ

1. ធ្វើត្រីអោយស្អាតហើយកាត់ជាកង់ៗទុកមួយឡែក
2. ដាក់ខ្ទះអោយក្ដៅ ហើយដាក់អង្ករចូលដើម្បីលីងវា លីងវាអោយឡើងពណ៌ជើងអង្ក្រង បន្ទាប់មកយកទៅបុកឬកិនអោយម៉ត់។
3. យកស្លឹកគ្រៃទៅហាន់ស្ដើងៗ ហើយនិងយករមៀតចិតសំបកចេញរួចហាន់ស្ដើងៗដូចគ្នា បន្ទាប់មកយកវាទៅបុកអោយល្អិតរួចដាក់ខ្ទឹមសចូលបុកអោយម៉ត់ ដួសវាទុកសិន។
4. -ល្ហុងចិតសំបកអោយស្អាត ហើយយកទៅ សាប់ បន្ទាប់មកប្រើកាំបិតមុខពីរចិតវាស្ដើង។

– សណ្ដែកគួរកាត់ប្រវែង 2ថ្នាំងដៃ
– ល្ពៅចិតសំបកហើយកាត់ដុំៗប៉ុនមេដៃ
– ត្រប់ស្រួយត្រូវចិតជា4ចំនិតក្នុង1ផ្លែ
– ចេកខ្ចីចិតតូចៗវែងបន្តិច
បន្ទាប់មកយកបន្លែទាំងនេះទៅលងអោយស្អាត ល្ហុង,ល្ពៅ, ត្រប់ស្រួយ និងចេកដាក់កញ្ច្រែងជាមួយគ្នា ត្រប់ញង,ស្លឹកម្រំ និងស្លឹកបាស់ដាក់កញ្ច្រែងជាមួយគ្នា។

5. ដាក់ឆ្នាំងចាក់ប្រេងឆាចូលទុកអោយក្ដៅ បន្ទាប់មកដាក់គ្រឿងបុកចូលកូរអោយឈ្ងុយ រួចដាក់អង្ករលីងកូរអោយសព្វ បន្ទាប់មកទៀតដាក់ល្ហុង,ចេក,ល្ពៅចូលកូរអោយសព្វរង់ចាំមួយរំពុះ រួចដាក់ត្រីចូលកូរអោយសព្វទុកបន្ដិចរួចដួសត្រីចេញ ដើម្បីកុំអោយបែកសាច់ត្រី រួចហើយដាក់សណ្ដែកគួរចូលទុកមួយរំពុះរួចហើយចាក់ទឹកចូល រង់ចាំដល់ពុះបង់ត្រី និងត្រប់ចូលកូរថ្នមៗ បន្ទាប់មករង់ចាំអោយពុះបង់ប៊ីចេងមួយស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាបាយ, ស្ករសពីរស្លាបព្រាបាយ, ទឹកត្រីពីរស្លាបព្រាបាយ ទុកមួយរំពុះរួចភ្លក់មើលអោយល្មម។
6. នៅពេលដែលមើលទៅត្រី និងបន្លែដូចជាឆ្អិនហើយគឺត្រូវតែបន្ថែមបន្លែបៃតងមានដូចជា ត្រប់ញង, ផ្ទី, បាស់, ស្លឹកម្រំ…និងបន្លែបៃតងជាច្រើនទៀតក៏អាចដាក់បានដែរ។បន្ទាប់មករង់ចាំមួយរំពុះទៀតជាការស្រេច។