បើនិយាយពី អាកោរ គឺថាពេញនិយមណាស់នៅតាមបណ្ដាខេត្តស្រុកស្រែចម្ការ ព្រោះថាAdmin នេះហើយកាលពីក្មេងបានញ៉ាំអាកោរ ប្រៀបដូចញ៉ាំនំប្រេនៗសម័យលូវចឹង។ ម៉ោះៗ បែបនេះមកធ្វើញ៉ាំម្នាក់ឯងរំលឹកអនុស្សាវរីយ៍ចាស់ៗនា តាមរបៀបធ្វើដូចខាងក្រោម។

គ្រឿងផ្សំ៖
ម្សៅអង្ករខ្សាយ 1 ចានចង្កឹះ
ស្ករស ½ ចានចង្កឹះ
ទឹក 1 ចានចង្កឹះ
មេម្សៅ ឬមេដំបែ 1 ស្លាបព្រាបាយ
ល័ក្ខ (សម្រាប់អ្នកចង់បានអាកោដែលមានពណ៌)
ល្ងម៉ដ្ឋ
សាច់ដូងចាស់កោសជាសរសៃៗ
ខ្ទិះដូង
សាច់ខ្នុរ បើចង់ដាក់ពីលើនំ តាមចំណូលចិត្ត

របៀបធ្វើ៖
យកម្សៅអង្ករខ្សាយ ស្ករស និងមេដំបែចាក់ចូលគ្នា រួចចាក់ទឹកចូល ហើយកូរឱ្យសព្វ
ទុកម្សៅដែលលាយរួចនោះចោលប្រហែល2ម៉ោងឬរហូតវាឡើងសឹមយកវាដាក់ចូលពែងឬចាន រួចយកទៅចំហុយប្រហែល30នាទីឱ្យវាឆ្អិនល្អបានដាក់ទឹកខ្ទិះពីលើរួចចំហុយម្តងទៀតតែ7នាទីជាការស្រេច
បើចង់ឱ្យនំអាកោដែលអ្នកចម្អិននេះកាន់តែមានរសជាតិថែមទៀតនោះ អ្នកអាចរោយល្ងម៉ដ្ឋ និងសាច់ដូងកោសរួចពីលើគឺកាន់តែឆ្ងាញ់៕

