ទាំងកាហ្វេ និងក្រូចឆ្មារមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ សារធាតុទាំងនេះជួយការពាររាងកាយយើងពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីបរិមាណរ៉ាឌីកាល់សេរីហួសកម្រិត។ តើពិតទេដែលញ៉ាំកាហ្វេលាយជាមួយក្រូចឆ្មាអាចជួយសម្រកគីឡូ និងដោះស្រាយបញ្ហាសុខភាពមួយចំនួនបាន? ស្តាប់អ្នកជំនាញបកស្រាយសិន៖
១. កាត់បន្ថយជាតិខ្លាញ់
មានការលើកឡើងច្រើនបានបញ្ជាក់ថាទាំងកាហ្វេ និងក្រូចឆ្មាមិនអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយបានទេ។ វិធីតែមួយគត់ដែលអាចកាត់បន្ថយជាតិខ្លាញ់បានគឺការញ៉ាំកាឡូរីឲ្យបានតិចបំផុត ឬធ្វើសកម្មភាពដុតបំផ្លាញវា។ ទោះជាយ៉ាងណា ការសិក្សាជាច្រើនបានបង្ហាញថាកាហ្វេអាចជួយឲ្យយើងស្រកគីឡូបាន នេះជាមូលហេតុដែលគ្នាយើងខ្លះអាចស្រកគីឡូបានបន្តិចបន្តួចពេលផឹកភេសជ្ជៈមួយប្រភេទនេះ។
២. ជួយបន្ថយអាការៈឈឺក្បាល
មានសម្មតិកម្មមួយបានលើកឡើងថាជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយកាត់បន្ថយលំហូរឈាមទៅកាន់ក្បាលយើង និងជួយកាត់បន្ថយការឈឺចាប់បាន។ តែសម្មតិកម្មមួយទៀតបានបង្ហាញថាជាតិកាហ្វេអ៊ីនក៏អាចធ្វើឲ្យឈឺក្បាលបានដែរពេលរួមផ្សំជាមួយភេសជ្ជៈ និងអាហារដូចជា សូកូឡា គ្រឿងស្រវឹង និងក្រូចឆ្មារ។ ដូចនេះហើយផឹកកាហ្វេជាមួយក្រូចឆ្មាអាចកាត់បន្ថយឈឹក្បាល ឬអាចធ្វើឲ្យកានតែឈឺ។ ហើយបើវាអាចកាត់បន្ថយអាការៈឈឺក្បាលបានមែន គឺមកពីជាតិកាហ្វេអ៊ីនក្នុងកាហ្វេតែមួយមុខប៉ុណ្ណោះ មិនមែនដោយសារលាយជាមួយក្រូចឆ្មាទេ។
៣. ជួយសម្រួលដល់ការរាករូស
មកដល់ពេលនេះនៅតែគ្មានភស្តុតាងណាបង្ហាញថាក្រូចឆ្មាអាចព្យាបាលរាករូសបានទេ ហើយចំពោះកាហ្វេជួយរំញោចដល់ពោះវៀនធំ ដែលនឹងធ្វើឲ្យយើងកាន់តែរាករូស។