ត្រូវការគ្រឿងផ្សំតែប៉ុន្មានមុខអាចធ្វើប៉ាតេញ៉ាំសណ្តែកដីបានយ៉ាងឆ្ងាញ់ ហើយមិនចំណាយពេលយូរទៀត។ មើលតែរូបក៏ទំនងឆ្ងាញ់ដែរត្រូវអត់? នៅចាំអីទៀតសាកធ្វើញ៉ាំមើល ធានាតែថាឆ្ងាញ់ដល់លិឍដៃហ្មង។
គ្រឿងផ្សំ៖
- សណ្តែកដី ៥០ ក្រាម
- ប៉ាតេ ៣០០ ក្រាម
- ខ្ទឹមបារាំងពណ៌ក្រហម ៦០ក្រាម (ពុះជាពីរហាន់ស្តើងៗ)
- ស្លឹក Celery (បើអត់មានប្រើជីរវ៉ាន់ស៊ុយជំនួសក៏បាន)
- ម្ទេស ២០ ក្រាម (ចិញ្ច្រាំឲ្យម៉ដ្ឋ)
- ទឹកក្រូចឆ្មា ២ ស្លាបព្រាបាយ
- ខ្ទឹមក្រម ២៥ ក្រាម (ហាន់ស្តើងៗ)
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករត្នោត (ដាក់កូរក្នុងទឹកឲ្យរលាយ) ២ ស្លាបព្រាបាយ
វិធីធ្វើ៖
១. លីង ឬ ដុតសណ្តែកដីឲ្យឆ្អិនល្អ
២. ហាន់ប៉ាតេជាជំនិតតូចល្មម ដាក់ដាំទឹកឲ្យពុះ រួចស្រុះប៉ាតេឲ្យឆ្អិន សឹមលើកឡើង
៣. យកខ្ទឹមក្រហមហាន់ហើយ រោយម្សៅស្រូវសាឡីពីលើបន្តិច រួចយកទៅបំពងក្នុងប្រេងឲ្យឡើងក្រហម
៤. យកចាន់ធំ ឬ ឆ្នាំងតូចល្មមដាក់ម្ទេសចិញ្ច្រាំ ទឹកត្រី ទឹកក្រូចឆ្មា ស្ករត្នោត កូរចូលគ្នាឲ្យសព្វ រួចដាក់ប៉ាតេ ស្លឹក Celery ឬជីរវ៉ាន់ស៊ុយ ខ្ទឹមបារាំងក្រហមចូល ច្របល់ចូលគ្នាឲ្យសព្វ ដួសដាក់ចាន់ រោយខ្ទឹមក្រហមបំពងហើយពីលើជាការស្រេច។