អ្នកចូលមើលហ្នឹង ប្រាកដជាចង់ចេះធ្វើញ៉ាំហើយមែនអត់? មិនមានអីពិបាកទេ បញ្ចេញស្នាដៃធ្វើបង្អែមឲ្យម៉ាក់ញ៉ាំម្តងមើល ធ្លាប់តែម៉ាក់ធ្វើឲ្យញ៉ាំ ឥឡូវថ្ងៃហ្នឹងសាកដើរតួជាកូនល្អ ធ្វើបង្អែមផ្គាប់ចិត្តម៉ាក់វិញមើលម៉េចវិញ។

គ្រឿងផ្សំ៖
- ពងទា ៨ គ្រាប់
- ស្ករស ១ កូនចាន (អាចកាត់បន្ថយបានបើមិនចូលចិត្តផ្អែម)
- អំបិល ១ ចិប
- សណ្តែកបាយ ៣ ខាំ
- ដូងទុំ ៣ ខាំ (ពូតយកខ្ទិះដើមសុទ្ធ)
- ទឹកស្ករ
វិធីធ្វើ៖
១. សណ្តែកបាយត្រាំទឹកអោយរីក រយះពេល មួយម៉ោងកន្លះ រួចហើយលាងទឹក បីបួនទឹក បន្ទាប់មកដាក់ចំហុយសណ្តែកនោះរយះពេល ២០ ទៅ២៥ នាទី ត្រូវមើលថា វារីកល្មម។
ចំហុយរួចទុកត្រជាក់បន្តិច ហើយ យកមកកិនជាមួយ ស្ករស អំបិល ខ្ទិះដូង ត្រូវកិនអោយម៉ដ្ឋ ។
២. ពេលកិនម៉ដ្ឋហើយយកមកកូរអោយគោក ស្ងួតដាច់ទឹករហូតដល់លែងស្អិតជាប់ដៃ ត្រូវបើកភ្លើងតិចៗ។ សណ្តែកកូរស្ងួតល្អហើយ យកមកពូនជាដុំតូចៗ ដូចក្នុងរូប ដោយទុកមួយអន្លើសិន ។

៣. យកពងទា គោះយកតែក្រហមសុទ្ធ វាយបំបែក ហើយត្រូវច្រោះវានិងស្បៃ ដើម្បីអោយម៉ដ្ឋស្មើសាច់ល្អ ធ្វើរួចហើយ ត្រូវយកកូនឆ្នាំងដាក់ទឹកល្មមចាក់ស្ករសចូល ប្រមាណ ២ កូនចានចង្គឹះ យកទៅដាំ ត្រូវបើកភ្លើងល្មម ដើម្បីអោយរលាយក្លាយជាទឹកស្ករ បន្ទាប់ទៀតយកសណ្តែកដែរយើងពូននោះយកមកជ្រលក់ក្នុងពងទា រួចបង់ក្នុងទឹកស្ករ មួយប្លូកត្រូវស្រង់ឡើងជាការស្រេច។
ពេលឆ្អិនអាចដាក់ក្នុងទូរទឹកកក ត្រជាក់ៗកាន់តែឆ្ងាញ់៕

ប្រភព៖ តូចអាហារ