ធ្លាប់ឮចាស់ៗពីដើមថាមិនសូវហ៊ានញ៉ាំជ្រកស្ពៃទេ ព្រោះពេលទៅទិញម្តងៗ អ្នកលក់កាយចេញពីធុងមកឃើញទឹកឡើងអន្លាយ ពេលខ្លះមកដល់ផ្ទះលាងទៅឃើញអីផ្សេងទៀត ទើបពួកគាត់មិនសូវទិញគេញ៉ាំទេ។ ចុះបើប្តូរពីទិញគេមកធ្វើខ្លួនឯងញ៉ាំវិញ មិនស្រួលមែនអត់? យកឱកាសបញ្ចេញស្នាដៃឲ្យអ្នកផ្ទះសរសើរមួយមើល!

គ្រឿងផ្សំ៖
- ស្ពៃជើងទា ១ គីឡូ
- ខ្ទឹមក្រហម ២០ ក្រាម
- ដើមខ្ទឹម ៥០ ក្រាម
- ទឹក ១ លីត្រ
- អំបិល ៣០ ក្រាម
- ស្ករ ៣០ ក្រាម

របៀបធ្វើ៖
១. យកស្ពៃមកកាត់ប្រវែងខ្លីល្មម
២. យកខ្ទឹមក្រហមហាន់ជាជំនិតៗ កុំស្ដើងពេក
៣. យកដើមខ្ទឹមកាត់ប្រវែងខ្លីល្មម
៤. ដាំទឹកក្តៅ(50អង្សា) ហើយចាក់ចូលកែវ បន្ទាប់មកចាក់ស្ករ និងអំបិលចូលកូរអោយសព្វ ហើយដាក់ស្ពៃ ដើមខ្ទឹម ខ្ទឹមក្រហមចូលហើយបិទគម្របអោយជិត គ្របទុករយះពេលបីថ្ងៃរួចរាល់ជាការស្រេច។
