ឮថាប្រហិតត្រីឆ្លាត អ្នកខ្លះច្បាស់ជាចូលចិត្តញ៉ាំហើយ។ តែចង់ញ៉ាំប្រហិតត្រីឆ្ងាញ់ គឺពិបាករកទិញឲ្យចំកន្លែងណាស់ ទិញមកចៀនខ្លួនឯង ប៉ះតែប្រហិតផុយៗអត់ស្វិតសោះ សំខាន់ឡើងថ្លៃ។ ចង់ញ៉ាំប្រហិតឆ្ងាញ់ ស្វិតល្អ គួរតែសាកធ្វើខ្លួនឯងតាមវិធីនេះ មិនពិបាកទេ។
គ្រឿងផ្សំ៖
- សាច់ត្រីស្លាតកោសរួច ១ គីឡូ
- អំបិលម៉ដ្ឋ ១ ស្លាព្រាកាហ្វេ
- ទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ ទឹកកកអនាម័យ ៣-៤ ដុំ
- គ្រឿងម្ទេសបុក ៣-៤ ខាំ ( បើចង់ក្រហមដាក់ម្ទេសប្លោកក្រៀមបុកចូលជាមួយបន្ថែម)
- ពងមាន់ ១ គ្រាប់
- ទឹកត្រី
- ស្កសរ កន្លះស្លាបព្រាបាយ
- សណ្កែកកួរហាន់ខ្លីៗតូចៗ ៣ ខាំ
- ម្រះព្រៅ ៣ កូនចានចង្កឹះ
- ស្លឹកក្រូចសើចហាន់ជាសសៃឆ្មារ ២ ស្លា ព្រាបាយ
វិធីធ្វើ៖
១. យកសាច់ត្រីដែលកោសរួចមកបុកអោយស្អិត នៅពេលដែលបុកត្រូវថែមទឹកត្រជាក់លាយជាមួយអំបិល ដាក់បុកលាយជាមួយត្រីផង។
២. ពេលដែលបុកសាច់ត្រីស្អិតល្អហើយ យកគ្រឿងបុក ពងមាន់ ស្កសរ ទឹកត្រី ដាក់ចូល រួចហើយច្របល់ចូលគ្នា ( រួចយកទៅចៀន ភ្លក់មើលសិន ) តើរសជាតិល្មមហើយឬនៅ ខ្វះខាតអ្វីយើងបន្ថែមបានទៀតតាមការចូលចិត្ត ។
៣. នៅពេលដែលច្របល់សាច់ត្រីភ្លក់ល្មមដឹងរសជាតិហើយ ក៏ដាក់ ស្លឹកក្រូច ម្រះព្រៅ សណ្កែកកួរ ហើយច្របល់អោយចូលគ្នាម្ដងទៀត ទុកមួយលែកសិន ( ម្រះព្រៅកុំដាក់ទាំងអស់ ទុកពាក់កណ្ដាលសម្រាប់បំពងរៀបដាក់ចាន ) ។
៤. ដាក់ប្រេងចៀនអោយច្រើនបន្ទិច បើកភ្លើងអោយក្ដៅល្មម រួចយកម្រះព្រៅទៅបំពងមុនគេ (ទុករៀបដាក់ចាន ) រួចហើយ យកប្រហិតទៅប៉ាន់ដុំសំប៉ែតៗល្មម រួចយកទៅចៀន អោយឆ្អិនល្អ រៀបដាក់ចានរួចជាការស្រេច ។ពេលចៀនត្រូវមើលភ្លើងកុំអោយក្ដៅពេក ប្រើភ្លើងក្ដៅល្មមៗបានចៀនប្រហិតឡើងល្អ )។
វិធីធ្វើទឹកជ្រលក់៖
១. ទឹកខ្មេះ ៤ ស្លាបព្រាបាយ
២. ស្កសរ ៣ ស្លាបព្រាបាយ
៣. អំបិល ១ ស្លាបព្រាកាហ្វេកន្លះ
៤. សណ្ដែកដីលីងបកសំបក បុកអោយបែកតិចៗ
៥. ម្ទេសពណ៌លឿង ហាន់ ១ ឬ ២ គ្រាប់
៦. ត្រសក់ពុសជាពីរហាន់ ( អោយរៀងក្រាស់បន្ទិច) ៣ ទៅ ៤ ផ្លែ
៧. យកទឹកខ្មេះ ស្កសរ អំបិល ចាក់ចូលក្នុងខ្ទះ ហើយបើកភ្លើងកូរអោយរលាយ ទុកអោយពុះមួយសន្ទុះសិន ចាំបិទភ្លើង ចាក់ដាក់កូនចានទុកត្រជាក់ ដាក់ត្រសក់នឹងម្ទេសហាន់ ជាទឹកជ្រលក់រួចជាការស្រេច ។
ចំណាំ៖ នៅពេលដែលកោសសាច់ត្រីរួច ត្រូវច្រកថង់ចងមាត់អោយជិតដាក់ត្រាំនឹងទឹកកកអោយវាត្រជាក់ ប្រហែល១ម៉ោងចាំយកមកបុក ជួយអោយប្រហិតត្រីស្វិតឡើងល្អ។