ចែករំលែកមុខម្ហូប?ឆាក្តៅអន្ទង់ សម្រាប់បងប្អួនយើងដែលមានកម្មវិធីជួបជុំគ្រួសារ មុខម្ហូបឆាក្តៅអន្ទង់នេះ ធ្វើហើយញ៊ាំជាមួយបាយក៏បាន ឬវ៉ៃចេញជាសាច់ក្លែមក៏បាន ទំនងដូចគ្នា ឆ្ងាញ់ដូចគ្នា??។
គ្រឿងផ្សំ
1- អន្ទង់ ៣ខាំ
2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស្លឹកគ្រៃ២គល់ ម្ទេស១គ្រាប់)
3- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
4- ទឹកត្រី កន្លះស្លាបព្រាបាយ
5- ប្រេងឆា ២ស្លាបព្រាបបាយ
6- ស្ករ កន្លះស្លាបព្រាកាហ្វេ
7- ម្រះព្រៅ ទៅតាមការចូលចិត្ដ
8- សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ
9- ម្ទេសហ៊ឹរឱ្យច្រើនគ្រាប់ តែបើមិនចូលចិត្តដាក់មិនបាច់ដាក់ក៏បាន
របៀបរៀបចំគ្រឿងផ្សំ
1- សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
2- ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង
3- ម្ទេសហាន់ជាចំណិតវែងៗ
4- សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ឋពេក
5- ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
6- ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។
វិធីធ្វើ
1- ជាដំបូងដាំខ្ទះឱ្យក្ដៅហើយដាក់ប្រេងឆាឱ្យ ក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូលរួចដាក់ម្ទេសហ៊ឹរចូល
2- បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងម្សៅស៊ុបរួចភ្លក្សមើលទើបដាក់សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។
ទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន