រាល់ដងធ្លាប់តែញ៊ាំបង្អែមបបរល្ពៅ សង់ខ្យាល្ពៅ ថ្ងៃនេះដើម្បីអោយប្លែកសាកមកធ្វើល្ពៅឆឹងខ្ទិះដូង ញ៊ាំម្ដងមើលដើម្បីអោយដឹងរសជាតិបែបណា ប្លែកពីអ្វីដែលយើងធ្លាប់ញ៊ាំកម្រិតណា។ តោះ បើចាប់អារម្មណ៍ គ្រឿងផ្សំដែលត្រូវទិញ និងរបៀបធ្វើមាននៅខាងក្រោមណា បើអាចធ្វើហើយហៅAdmin ទៅញ៊ាំផង។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- ល្ពៅ កន្លះគីឡូ (ពុះជាចំណិតៗកុំតូចពេក)
- ស្ករស ២៥០ក្រាម
- ទឹក ៥០០ក្រាម
- ខ្ទិះដូង ១០០ក្រាម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅអង្ករ កន្លះស្លាបព្រាបាយ
▶️ របៀបធ្វើ៖
- ដំបូងយកល្ពៅមកដាក់ត្រាំទឹក(លាយកំបោចុងស្លាបព្រាកាហ្វេ)ទុករយៈពេល ៣០នាទី
- ដាក់ដាំទឹករួចចាក់ស្ករសចូលទុករហូតដល់ពុះ បន្ទាប់មកយកល្ពៅមកដាក់ចូល រហូតដល់ទឹកស្កររាងគោកបន្តិច
- ធ្វើការដាំខ្ទិះដូងដោយដាក់ម្សៅអង្ករ និងអំបិលដាំឲ្យពុះ បន្ទាប់មកយកទៅស្រោចពីលើល្ពៅដែលឆឹងរួច ប៉ុណ្ណេះអាចញ៊ាំបានជាការស្រេច៕
