គ្រាន់តែឮថាមានបំពង ម្នាក់ៗលេបទឹកមាត់បាត់ហើយ សំខាន់អានេះមាន់បំពងបែបកូរ៉េទៀត។ តោះឥឡូវទុកធាត់មួយដុំសិន បំពេញចិត្តឲ្យមាត់ជារឿងសំខាន់ ធានាថាធ្វើញ៉ាំហើយ ដឹងតែជាប់ចិត្តហ្មង៖

វិធីធ្វើ៖
- សាច់មាន់(ស្លាប ភ្លៅ) ១២ ដុំ
- ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅពោត (អាចរកទិញបាន) កន្លះកូនចានចង្កឹះ
- ម្សៅបំពង កន្លះកូនចានចង្កឹះ
គ្រឿងផ្សំទឹកជ្រលក់៖
- ទឹកម្ទេស ១ ស្លាបព្រាបាយ
- ម្សៅម្ទេស ១ ស្លាបព្រាបាយ
- ស្ករស ២ ស្លាបព្រាបាយកន្លះ
- ទឹកស៊ីអុីវ ១ ស្លាបព្រាបាយកន្លះ
- ម្សៅពោត ២ ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមសចិញ្រ្ចាំ ៤ កំពឹស
- ខ្ញីចិញ្រ្ចាំ ១ ស្លាបព្រាកាហ្វេ
- ខ្ទឹមបារាំងចិញ្រ្ចាំ ពាក់កណ្តាលផ្លែតូច
- ល្ងស

វិធីធ្វើ៖
១.យកមាន់ដាក់ប្រឡាក់ជាមួយម្រេចម៉ដ្ឋ និងអំបិលចូលគ្នាឲ្យសព្វ រួចទុកចោលរយៈពេល ៣០នាទី (ដើម្បីឲ្យចូលជាតិល្អ)
២. លាយម្សៅពោត និងម្សៅបំពងចូលគ្នា រួចយកមាន់ដែលប្រឡាក់ហើយមកប្រឡាក់ជាមួយម្សៅឲ្យសព្វ រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើ។

៣. ធ្វើទឹកជ្រលក់ ដាំខ្ទះដាក់ទឹកម្ទេស ម្សៅម្ទេស ស្ករស ទឹកស៊ីអុីវ ម្សៅពោត ម្រេចម៉ដ្ឋ និងអំបិលចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ខ្ទឹមចិញ្រ្ចាំ ខ្ញីចិញ្រ្ចាំ និងខ្ទឹមបារាំងចិញ្រ្ចាំចូលច្របល់ចូលគ្នាឲ្យសព្វទុកមួយរំពុះ

៤. រួចរាល់អស់ហើយយកទឹកជ្រលក់ដាក់ចាន(ចាក់ច្រោះសិនក៏បានកុំឲ្យដោយកាក) ហើយយកមាន់ដែលបំពងហើយដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចាន ហើយរោយល្ងសពីលើជាការស្រេច៕
