របៀបធ្វើ សម្លរចាប់ឆាយ សម្រាប់បងៗដែលមិនទាន់ចេះធ្វើ អាចសាកតាមរូបមន្តខាងក្រោមបានណា៎!

ចាប់ឆាយ

0
3339

ថ្វីត្បិតតែសម្លរចាប់ឆាយ ភាគច្រើនគេនិយមចូលចិត្តចម្អិនណាស់ ជាពិសេសរដូវបុណ្យទានម្តងៗ តែសម្រាប់បងប្អូនមួយចំនួន ក៏មិនទាន់ចេះធ្វើយ៉ាងម៉េចទើបទទួលបានរសជាតិឆ្ងាញ់ប្លែកដែរ ដូចនេះថ្ងៃនេះAdmin ចែករូបមន្តសម្លរចាប់ឆាយ អោយបងប្អូនរៀនសាកធ្វើទាំងអស់គ្នា។

គ្រឿងផ្សំ


– ស្ពៃបូកគោ ១គីឡូក្រាម
– ដើមខាត់ណា ១គីឡូក្រាម
– ឆៃថាវ កន្លះគីឡូក្រាម
– ពពុះសណ្តែក កន្លះគីឡូក្រាម
– ស្បែកជ្រូក ២ខាំ
– ផ្សិតក្រៀម ២ខាំ
– ជើងជ្រូក និងឆ្អឹងជ្រូក (ស្រស់ ឬខ្វៃ) ២-៤ គីឡូក្រាម
– អំបិល ២ស្លាបព្រាបាយកន្លះ
– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករ ៣ស្លាបព្រាបាយ
– ម្សៅស៊ុប ២ស្លាបព្រាបាយ
– ប្រេងឆា ៣ស្លាបព្រាបាយ
– ខ្ទឹមសចញ្ច្រាំ ២ស្លាបព្រាបាយ

របៀបធ្វើ

– ស្ពៃបូកគោ ហាន់វែង និងធំៗល្មមលាងទឹកអោយទុកមួយអន្លើ។
– ដើមខាត់ណា បកសម្បកចាស់អោយអស់ ហាន់ដើមប្រឆិតៗធំល្មមទុកមួយអន្លើ ស្លឹកហាន់ធំ លាងទឹកអោយស្អាត។
– ឆៃថាវ ចិតសម្បកអោយស្អាត កាត់ជាកងវែងល្មម រួចពុះជា២ឬជា៤ចំនិត លាងទឹកអោយស្អាត។
– ពពុះសណ្តែក ស្បែកជ្រូក និងផ្សិតក្រៀម ត្រាំទឹកប្រហែល១ម៉ោង រួចលាងទឹកច្របាច់អោយស្អាត (លាងរហូតទឹកថ្លា) រួចហាន់ជាតូចៗល្មម ចំនែកផ្សិត ហាន់ជា២ចំនែក។
– ឆ្អឹង និងជើងជ្រូកលាងទឹកអោយស្អាត កាត់ជាដុំៗតូចល្មម រួចដាំទឹកអោយពុះស្រុះប្រហែល៥នាទី សឹមស្រង់ចេញលាងអោយស្អាត។
– ដាក់ប្រេងឆាពាក់កណ្តាលដាំអោយក្តៅ សឹមដាក់ខ្ទឹមពាក់កណ្តាលឆាអោយប្រែពណ៌ល្អ រួចដាក់សាច់ចូលឆាប្រហែល២ទៅ៣នាទី សឹមដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល (១មុខពាក់កណ្តាល) ឆាជាមួយសាច់អោយសព្វ ប្រហែល ១នាទី សឹមដាក់ទឹក (ទឹកធម្មតា ឬទឹកស៊ុមមាន់) ៨លីត្រ រំងោសប្រហែល ១៥នាទី។
– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមឆាអោយប្រែពណ៌ល្អ សឹមដាក់ផ្សិតឆាអោយទន់ បន្ទាប់មកដាក់ ស្ករ ម្សៅស៊ុប ទឹកត្រី និងអំបិល កូអោយសព្វសឹមដាក់ពពុះសណ្តែក ដើមខាត់ណា ឆៃថាវ និងសាច់ខ្វៃ (បើមាន)ចូលឆាអោយសព្វប្រហែល ៥នាទី សឹមដាក់ស្បែកជ្រូក និងស្លឹកខាត់ណាចូលឆាអោយទន់ រួចយកទៅដាក់ក្នុងឆ្នាំងស៊ុបកំពង់ពុះ រំងាស់១០ ទៅ១០នាទី។
– ដាក់ស្ពៃបូកគោចូល កូអោយសព្វទុក៥នាទីជាការស្រេច៕