ចង់ដឹងអត់ថាត្រូវឆ្លងកាត់ភាពលំបាក និងត្រៀមខ្លួនធ្វើអ្វីខ្លះ មុនបានឃើញសម្រស់ឋានសួគ៌ក្រោមមេឃ(វាលធំ)

ឧទ្យានជាតិ វិរៈជ័យ កន្ទុយនាគ.

0
1568

ឧទ្យានជាតិវិរៈជ័យ(វាលធំ)មានទីតាំងនៅភាគឦសានប្រទេសកម្ពុជា លាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង។ ឧទ្យាននេះមានព្រំប្រទល់ជាប់ ប្រទេសលាវ និងវៀតណាម ហើយមានផ្ទៃក្រឡា៣.៣២៥ គីឡូម៉ែត្រក្រឡា និងស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណោមដែលចេញ ពីប្រទេសវៀតណាម និងស្ថិតនៅជាយវាលព្រៃជម្រុះស្លឹកឥណ្ឌូចិនកណ្តាល។ ឧទ្យានជាតិវិរៈជ័យ ត្រូវបានគេចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជាមានដូចជា៖ ខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម។ លក្ខណៈជីវសាស្ត្រឧទ្យានជាតិ វីរៈជ័យ មានសារសំខាន់ដល់ការងារអភិរក្ស អន្តរជាតិ ។ ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយនៃផ្ទៃប្រទេស។ ឧទ្យានជាតិវិរៈជ័យ(វាលធំ)ជាតំបន់ធម្មជាតិគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខៀវខ្ចីនូវខែវស្សា និងពណ៌មាសនូវខែប្រាំង។ យោងតាមការសិក្សាស្រាវជ្រាវរបស់លោក Gregory McCann គ្មានតំបន់ធម្មជាតិណានៅប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ ម៉ាឡេស៊ី មកប្រកួតសម្រស់ធម្មជាតិវាលធំបានឡើយ។

តោះមកដឹងវិញថាមុនបានឃើញសម្រស់ឋានសួគ៌ក្រោមមេឃ ឧទ្យានជាតិវិរៈជ័យ(វាលធំ) តើត្រូវឆ្លងកាត់ភាពលំបាកអ្វីខ្លះ និងត្រូវត្រៀមខ្លួនធ្វើអ្វីខ្លះ? ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែកត់ចំណាំទុកប្រសិនបើអ្នកមានគម្រោងថានឹងទៅដែនដីធម្មជាតិដ៏ស្រស់ស្អាតនេះ គឺត្រូវបង់តម្លៃ និងធ្វើរឿងជាច្រើន សម្រាប់គ្រប់អ្វីៗដែលអ្នកចង់បាន ចង់ឃើញ ពិសេសដើម្បីទៅដល់ទីនេះ។ ដើមឡើយភាគច្រើនមានតែភ្ញៀវបរទេសប៉ុណ្ណោះបានទៅដល់ទីនេះប្រើថាមពលច្រើន ដោយត្រូវថ្មើរជើង ហើយចំណាយពេលពី៥ ទៅ៧ថ្ងៃ ឆ្លងកាត់ព្រៃឫស្សី អូរ ផ្លូវរអិល ទីទួល ភ្នំខ្ពស់ ច្រាំងចោទ…ទើបទៅដល់ទីនេះ រីឯការធ្វើដំណើរតាមម៉ូតូ ពីទីស្នាក់ការឧទ្យាននៅស្រុកតាវែង រហូតដល់ភ្នំវាលធំ ប្រើរយៈពេលតែ៦ទៅ៧ម៉ោង ឬ១ថ្ងៃតែប៉ុណ្ណោះដល់ភ្នំវាលធំ សម្រាប់ភ្ញៀវទេសចរ គឺទើបធ្វើទៅបាន នាខែមិថុនា ឆ្នាំនេះប៉ុណ្ណោះ។ តែអ្នកភូមិ និងឧទ្យានុរក្សបានចេញចូលភ្នំវាលធំតាមម៉ូតូពីរ ឬបីឆ្នាំមកហើយ។ នៅពីក្រោយរូបទេសភាពប្រណិតៗក្នុងដំណើរផ្សងព្រេងដ៏ពិសេសនេះ មានរឿងច្រើនគួរសម ដែលអ្នកប្រាថ្នាចង់ទៅដល់ទីនេះត្រូវត្រៀមលក្ខណៈ ពោលគឺការត្រៀមចិត្ត/កាយ ត្រៀមសម្ភារៈ ហិរញ្ញវត្ថុ និងរដ្ឋបាល។

▶️ អំពីរយៈពេល
៤យប់ ៥ថ្ងៃ ជារយៈពេលសមល្មម
ថ្ងៃទី១ (ភ្នំពេញ-ស្វាយអន្ធរ-អូររាំងឳ-សួង-ឆ្លូង-ក្រចេះ-អូរពងមាន់-បានលុង-តាវែង)
ថ្ងៃទី២ (តាវែង-វាលធំ-បោះជំំរំលើភ្នំរូងខ្លា)
ថ្ងៃទី៣ (ជិះជុំវិញទីកន្លែងផ្សេងៗនៅវាលធំ-បោះជំរំលើភ្នំខ្លងខ្លៀវ)
ថ្ងៃទី៤ (វាលធំ-តាវែង-រតនគិរី-លំផាត់-កោះញែក-មណ្ឌលគិរី)
ថ្ងៃទី៥ (មណ្ឌលគិរី-ភ្នំពេញ)

▶️ អំពីការងាររដ្ឋបាល និងទំនាក់ទំនង
– ភ្ញៀវទេសចរគ្រប់រូបតម្រូវឲ្យទិញសំបុត្រនៅមន្ទីរបរិស្ថានខេត្តរតនគិរី នៅបានលុងជាចាំបាច់។ ពេលកំពុងធ្វើដំណើរតាមផ្លូវ អាចទាក់ទងមន្រ្តីទទួលបន្ទុកលក់សំបុត្រឲ្យជួយបំពេញឈ្មោះភ្ញៀវឲ្យហើយក៏បាន ដោយផ្ញើអត្តសញ្ញាណបណ្ណភ្ញៀវឲ្យគាត់ តាមរយៈ Telegram។ ប្អូនស្រី ដា 097 73 00 97 9
– ភ្ញៀវទេសចរត្រូវកក់ឧទ្យានុរក្ស យ៉ាងតិច១ ទៅ២អាទិត្យជាមុន។ បងស៊ូ 096 33 34 77 4 (smart) និង 097 33 34 77 5។ Sou Soukern Thon Soukhon Sokhoeun Mao
– ភ្ញៀវទេសចរត្រូវកក់ម៉ូតូឌុប យ៉ាងតិច១ ទៅ២អាទិត្យជាមុន តាមរយៈលោក សិ ជាអនុភូមិ 097 61 20 59 7 ប៉ក់ ប៑ុនសិ ឬ ប្អូនសួម 060 84 14 40 ក្រាប់ ប៊ុនសួម ហើយបញ្ជាក់អំពីការពិនិត្យមើលម៉ូតូឲ្យបានល្អ មុនថ្ងៃចេញដំណើរ

▶️ អំពីតំណម
– កន្លងមក ទោះភ្ញៀវទេសចរពុំមានបញ្ហាអ្វីធំដុំក្តី តែសូមទាំងអស់គ្នាប្រុងប្រយ័ត្នខ្ពស់ពេលជិះ/តោងម៉ូតូ និងបង្ហាញការគោរពដល់ព្រលឹងអារក្សអ្នកតានៅលើភ្នំនេះ ឬគ្រប់ទីតាំង ដែលអ្នកទៅដល់។ រាល់ការអាចម៌ នោម គួរសុំខមាលទោស និង ជីកកប់ឲ្យបានត្រឹមត្រូវ!
– ជនជាតិដើមភាគតិចប្រកាន់តំណមច្រើនក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដូច្នេះ គួរមានជំនួបដ៏ខ្លីមួយមេក្រុមម៉ូតូ នៅល្ងាចយើងទៅដល់តាវែង ហើយសួរគាត់អំពីបញ្ហានេះ។
– ថ្មដំរី ជាទីតាំងមួយភ្ញៀវទេសចរគួរឈប់ និងឧប្បកិច្ចដោយប្រក់ស្លឹកនៅនោះ មុនបន្តដំណើរទៀត ដើម្បីសំដែងការគោរពដល់អង្គរក្សភ្នំវាលធំនេះ

▶️ អំពីសម្ភារៈ
– តង់ជាជម្រើសដ៏ល្អបំផុត បើអ្នកចង់មើលថ្ងៃរះ ថ្ងៃលិច និងផ្កាយពេលយប់
– គួរយកកម្រាលធំមួយ សម្រាប់ក្រាលដេកមើលផ្កាយជុំគ្នាពេលយប់ និយាយលេង និងសួរនាំប្អូនៗជនជាតិអំពីរឿងរ៉ាវផ្សេងៗ
– គួរមានកម្រាលជាស្នោ ឬពួកខ្យល់ទ្រាប់ខ្នង ព្រោះមិនសូវមានផ្ទៃរាបស្មើទេ
– អាវភ្លៀង ស្រោមដៃ មួកឆាងម៉ាង ក្រែមការពារកំដៅថ្ងៃ គួរយកទៅផង
– ស្បែកជើងមានបាតក្រឡាជ្រៅល្អ ស្រោមជើងក្រាស់ និងស្បែកជើងផ្ទាត់
– កាបូបស្ពាយខ្នាតតូច Day Pack (សម្រាប់ដាក់ទឹក បាយថ្ងៃត្រង់ និងអាហារបន្តិចបន្តួច) ព្រោះសាកាដូធំចងជាប់នឹងម៉ូតូអស់ហើយ
– គួរមានថង់ទឹកចំណុះ២ ទៅ៣លីត្រ ដាក់តាមខ្លួន ពេលធ្វើដំណើរ/ជិះម៉ូតូឡើងភ្នំ
– គួរមានឧបករណ៍សម្រាប់ច្រោះទឹកហូប ចំណេញពេល និងហូបបានគ្រប់គ្រាន់

▶️ អំពីម្ហូបអាហារ និងទឹក
– អាហារក្រៀមៗជាជម្រើសដ៏ល្អ និងគួរត្រៀមឲ្យច្រើន ព្រោះក្រុមម៉ូតូហូបជុំយើងដែរ
– អង្ករអាចទិញពីភ្នំពេញក៏បាន ឲ្យក្រុមម៉ូតូឌុបជួយទិញឲ្យក៏បាន។ អង្ករពួកគាត់ឆ្ងាញ់ម្យ៉ាងដែរ
– ការងារដាំបាយ ម្ហូប គឺប្អូនៗក្រុមម៉ូតូរៀបចំឲ្យយើងទាំងអស់ ដូច្នេះ គួរចាត់ចែង និងហូបឲ្យរហ័ស ដើម្បីមានពេលគ្រប់គ្រាន់មើលថ្ងៃលិច និងកុំឲ្យរំខានដល់ពួកគាត់ពេក ព្រោះយប់ងងឹត ត្រូវជិះម៉ូតូដឹកម្ហូបអាហារឲ្យយើងនៅលើភ្នំ
– ទឹកមុជ និងទឹកហូប មានគ្រប់គ្រាន់នៅភ្នំវាលធំ
– គួរជៀសវាងភេសជ្ជៈដប ព្រោះពិបាកយកចុះ ឬបន្សល់សំរាមលើភ្នំ
– ផ្លែប៉ោម ជាមួយអំបិលម្ទេស និងគ្រាប់ធុញ្ញជាតិល្អសម្រាប់ដំណើរផ្សងព្រេង

▶️ កត្តាផ្សេងៗ
– ការធ្វើដំណើរជាក្រុមតូច ក្រោម១០នាក់ គឺល្អបំផុត សម្រាប់គ្រប់រឿង ពិសេសបាយទឹក ជុះនោម ហើយដំណើរលឿនល្អ!
– ហាមដាច់ខាត សម្រេចចិត្តខុស ដោយជួលម៉ូតូជិះដោយខ្លួនឯង! គ្រោះថ្នាក់ណាស់! អស់កម្លាំងសប្បាយនឹងធម្មជាតិហើយ! សូមកុំឲ្យសោះ! យើងមិនស្គាល់ម៉ូតូពួកគាត់ទេ! ងាយខូច និងងាយគ្រោះថ្នាក់បំផុត!
– អីវ៉ាន់ទាំងអស់ដាក់លើម៉ូតូ ជារឿងមួយដ៏ល្អសម្រាប់យើង ហើយក៏មិនសូវដើរច្រើនដែរ!
– ត្រូវសម និងអនុវត្ត ដើម្បីបន្ថែមជំនាញតោងម៉ូតូឲ្យជាប់តៃកុងគ្រប់ស្ថានភាពផ្លូវ
– គួរចេញពីទីស្នាក់ការតាវែងឲ្យបានព្រឹកបំផុត តាមអាចធ្វើទៅបាន ម៉ោង៧ គឺល្អបំផុត!
– ដើម្បីពន្លឿនដំណើរ នៅល្ងាចថ្ងៃទី១ ពេលទៅដល់ទីស្នាក់ការតាវែង គួរកាម៉ង់បាយព្រឹកសម្រាប់ហូប និងខ្ចប់ឲ្យហើយ និងឲ្យគេយកមកទីស្នាក់ការតែម្តងពេលព្រឹកឡើង។

មានអារម្មណ៍បែបណាដែរបន្ទាប់ពីអានចប់ ថាតើនឹងអាចមានគម្រោងទៅឆាប់ៗរឺយ៉ាងណា? តែ Admin គិតថាទីដែនដីដ៏ស្រស់ស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃបែបនេះ សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេង ភាពលំបាកខាងលើគឺមិនចោទជាបញ្ហានោះទេ ព្រោះថាចង់ឃើញអ្វីដែលល្អអ្វីដែលពិសេសគឺត្រូវតែហ៊ានលះបង់ និងហ៊ានប្រឈម។ ហើយ Admin ក៏សូមអរគុណដល់លោក Sokhalay Saur ដែលបានចែករំលែកនូវបទពិសោធន៍ខាងលើ អោយគ្រប់គ្នាបានដឹងនឹងបានត្រៀមខ្លួនជាមុនបានគ្រប់ជ្រុងជ្រោយ ដើម្បីអោយមានភាពងាយស្រួល ចំណេញពេលវេលា៕

រូបភាពលោក La Mo

ឯណាទៅឋានសួគ៌ពី​ #បេះដូងអ្នកថតរូប#វាលធំ#fujifilmxt4#FujiNon16_55mm

បាន​បង្ហោះ​ដោយ La Mo នៅ ព្រហស្បតិ៍ 30 កក្កដា 2020

មានសេវាថតម៉ូដែលនៅវាលធំតែតម្រូវអោយតួស្រីចេះក្បាច់ស្វាតោងកន្ទុយម៉ូតូ។ ពី​ #បេះដូងអ្នកថតរូប#FujiFilmXT4#Fujinon16_55mm

បាន​បង្ហោះ​ដោយ La Mo នៅ អង្គារ 28 កក្កដា 2020

រូបភាពលោក Sovanna Kem

អត់បានទៅជាមួយគេ ដូចហេលហាលក្នុងខ្លួន សាំអាកូវីដធ្វើអោយដាច់លុយ!វាលធំ ពី #បេះដូងអ្នកថតរូប

បាន​បង្ហោះ​ដោយ Sovanna Kem នៅ ព្រហស្បតិ៍ 23 កក្កដា 2020

រូបភាពលោក MP Maxx

ឧទ្យានជាតិវីរៈជ័យជាតំបន់ការពារធម្មជាតិធំជាងគេមួយនៅកម្ពុជាលាតសន្ធឹងលើផ្ទៃដី ៣៣២៥…

បាន​បង្ហោះ​ដោយ MP Maxx នៅ អង្គារ 28 កក្កដា 2020

វីដេអូលោក ចាន់ទី សុធី

ដាក់​ Trailer មួយសិន #វិរជ័យ

បាន​បង្ហោះ​ដោយ ចាន់ទី សុធី នៅ អាទិត្យ 26 កក្កដា 2020