ថ្មីៗនេះអ្នកណាមិនល្បី មិននិយាយពីសម្រស់ស្រុកបន្ទាយស្រី ដែលបានបង្អួតពីភាពស្រស់ស្អាតរបស់ខ្លួន ធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ជាពិសេសនៅពេលដែរបានមកឃើញផ្ទាល់ភ្នែកហើយគឺថាទប់អារម្មណ៍មិនសរសើរមិនបានតែម្ដង។ អ្នកដែលបានទៅលេងសៀមរាបប៉ុន្មានថ្ងៃមុន អ្នកណាខ្លះបានទៅឆ្លៀតពេលដល់ស្រុកមួយនេះ ចំពោះអ្នកដែលមិនទាន់បានទៅច្បាស់ជាស្ដាយក្រោយជាក់ជាមិនពេលបានឃើញរូបដ៏ស្រស់ស្អាតនៃស្រុកមួយនេះ។



តាមផ្លូវក្នុងភូមិព្រះដាក់ក្នុងស្រុកបន្ទាយស្រី គឺរលោងស្អាតងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត មិនថាឡាន ម៉ូតូ រឺកង់នោះទេ រីឯផ្ទះបងប្អូនប្រជាពលរដ្ឋមានការរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់មានរបៀបរៀបរយ គ្មានសម្រាម មានដាំផ្កាលម្អរតាមមុខផ្ទះ មានការដាក់តាំងលក់របស់របរប្រើប្រាស់ និងរបស់ញ៊ាំឆ្ងាញ់ៗជាច្រើនស្ទើរតែគ្រប់ផ្ទះដែលគួរជាទីចាប់អារម្មណ៍។ អ្វីដែលពិសេស គឺផ្ទះមួយង្គោលភ្លើងបំភ្លឺផ្លូវមួយ និងមានធុងសម្រាមមួយដោយភ្ជាប់ជាមួយពាក្យស្លោកដ៏មានអត្ថន័យ «ស្រលាញ់បន្ទាយស្រី កុំអោយសម្រាមធ្លាក់ដល់ដី» ដែលធ្វើអោយប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យស្អាត បោសសម្អាតមិនអោយមានសម្រាមពាសវាលពាសកាល។



ណ្ហើយ នៅមានអ្វីៗដែលល្អៗពិសេសៗច្រើនទៀតណាស់រៀបរាប់មិនអស់ទេ ទុកអោយអ្នកទាំងអស់គ្នាឡើងមកមើលជាក់ស្ដែងដោយខ្លួនឯងវិញ Admin ថាស្អាតគឺស្អាតហើយមកមិនខុសបំណងទេ ថតរូបក៏ស្អាតដូចក្នុងគំនូរចឹង។ កុំរំលងណា ហើយបើបានមកដល់ហើយណាកុំភ្លេចជួយទិញម្ហូប និងរបស់របរប្រើប្រាស់ដែលធ្វើដោយអ្នកភូមិផងណា ព្រោះជាផ្នែកមួយជួយដល់សេដ្ឋកិច្ចក្នុងស្រុក៕








