ការប្រកួតយប់មិញនេះ នៃពាន EURO 2016 រកឃើញក្រុមដែលត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយក្រុមទៀតគឺ ក្រុមបាល់ទាត់ជម្រើសជាតិបារាំង ដែលបានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្លង់យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-២ ហើយត្រូវឡើងទៅប៉ះ អាល្លឺម៉ង់។
បើកការប្រកួតតង់ទី១ បារាំងវាយសម្រុកអ៊ីស្លង់យ៉ាងខ្លាំង បានប្រមាណតែ ១៣នាទី បារាំងរកបាន១ គ្រាប់ ដោយកីឡាករOlivier Giroud។ ក្នុងពេលតែ ៤៥នាទីក្នុងតង់ទី១ បារាំងលត់បន្ថែមអ៊ីស្លង់ យ៉ាងចាស់ដៃ ចំនួន៣គ្រាប់ទៀត ដោយកីឡាករ Paul Pogba គ្រាប់ទី២, Dimitri Payet គ្រាប់ទី៣ និង Antoine Griezmann គ្រាប់ទី៤។
បន្ត ៤៥នាទីទៀត ក្នុងតង់ទី២ អ៊ីស្លង់បានបំបែកពងមាន់ដោយវាយបកបាន២គ្រាប់មកវិញ ដោយកីឡាករ Kolbeinn Sigthorsson នៅនាទី ៥៦ និង Birkir Bjarnason នៅនាទី៨៤ ចំណែកក្រុមជំរើសជាតិបារាំងក៏រកបានគ្រាប់ទី៥របស់ខ្លួន ១គ្រាប់ដែរដោយ Olivier Giroud នៅនាទី ៥៩ បញ្ចប់ការប្រកួតបារាំងយកឈ្នះអ៊ីស្លង់ដោយលទ្ធផល ៥ទល់នឹង២ ដូច្នេះអ៊ីស្លង់ត្រូវហាលអាវត្រឹមនេះ។
ប្រភពរូបភាព៖ http://www.mirror.co.uk/