ដោយ ៖ ម៉ុក សេង
យើងធ្លាប់តែឮក្រួសនៅតម្រងនោម ក្រួសក្នុងប្រមាត់ ក្រួសក្នុងក្រពេញ… ប៉ុន្តែពេលនេះបានលេចចេញជំងឺមួយប្រភេទទៀតគឺក្រួសក្នុងក្រពេញទឹកមាត់។ ប្រសិនបើក្រួសកើតនៅចំណុចនេះគេហៅថា «ក្រួសទឹកមាត់» ជាឈ្មោះប្លែក និងមិនធ្លាប់ឮ ប៉ុន្តែសុំកុំប្រមាថឱ្យសោះព្រោះអាការប្រភេទនេះប្រឈមនឹងគ្រោះថ្នាក់បំផុត។ ក្រួសក្នុងទឹកមាត់កើតពីការពិសាទឹកតិច និងបង្កឱ្យទឹកមាត់ស្អិតញឹកញាប់ ។
តើក្រួសទឹកមាត់ជាអ្វី ? ក្រួសទឹកមាត់ ភាសាអង់គ្លេសហៅថា «Sialolithiasi» ឬ «Salivary Stones» ជាក្រួសកើតក្នុងក្រពេញទឹកមាត់ ឬក្រួសក្នុងបំពង់ទឹកមាត់ ដែលកើតនៅនឹងផ្នែកចង្កា ច្រើនជាងនៅបំពង់ទឹកមាត់ក្រោមត្រចៀក និងក្រពេញទឹកមាត់ខាងក្រោមអណ្តាត ។ ដុំក្រួសអាចមាន១ដុំ ឬច្រើនដុំ នឹងបង្កឱ្យកកស្ទះក្នុងបំពង់ទឹកមាត់ទាំងមូល ។
តើក្រួសទឹកមាត់កើតឡើងពីអ្វី ?
ក្រួសក្នុងក្រពេញទឹកមាត់ កើតឡើងពីការផ្សំរបស់អង្គធាតុគីមីក្នុងទឹកមាត់ ដែលគីមីនោះគឺកាល់ស្យូម អាចតម្រូវឱ្យរាងកាយផលិតទឹកមាត់បានតិច ឬមានសន្ទុះបំពង់ទឹកមាត់ក្រាស់ ធ្វើឱ្យកើតដុំក្រួសកកស្ទះមិនឱ្យទឹកមាត់ហូរទៅក្រអូមមាត់ ។ ក្រៅពីនេះក៏មានកត្តាផ្សេងទៀត បង្កឱ្យកើតជាក្រួសរួមមាន ស្ថានភាពខ្វះទឹក ពិសាទឹកតិច រួមទាំងមានអាការឈឺចាប់នៃក្រពេញទឹកមាត់ ផ្តល់ផលប៉ះពាល់ដល់ការកើតមានក្រួសទឹកមាត់បាន ។
ក្រពេញទឹកមាត់កកស្ទះដោយសារដុំក្រួស មានអាការបែបណា ?
អ្នកជំងឺភាគច្រើនមានអាការហើមខាងក្រោមចង្កា មានពេលខ្លះកើតឡើង និងបាត់ទៅវិញដោយមិនដឹងខ្លួនពិសេសនៅពេលទទួលទានអាហាររមែងមានអាការទឹកមាត់ស្អិតញឹកញាប់ ។ នៅពេលស្ទាបមើលអាចឃើញមានដុំហើមត្រង់ចង្កា បើបណ្តែតបណ្តោយឱ្យដុំក្រួសនៅកើតមានបន្ត អាចធ្វើឱ្យក្រពេញទឹកមាត់រលាក មានអាការក្តៅខ្លួន និងឈឺចាប់គ្រប់ពេល រួមទាំងមានខ្ទុះនៅលាយឡំក្នុងទឹកមាត់ផង ។
តើក្រួសទឹកមាត់អាចព្យាបាលបានឬអត់ ?
ក្នុងករណីមានក្រួសធុនតូច ដុំក្រួសអាចរបូតដោយឯកឯង ប៉ុន្តែបើមានអាការរលាកអាចព្យាបាលដោយគ្រូពេទ្យ ផ្តល់ឱសថបំបាត់ការរលាក និងធ្វើឱ្យបំពង់បង្ហូរទឹកមាត់រីកធំដូចប្រក្រតី ។ ប្រសិនបើក្រួសធំ អាចព្យាបាលក្រួសដោយធ្វើការវះកាត់ ឬចាប់ឆ្កឹះយកដុំក្រួសចេញជាការស្រេច ។
គេអាចការពារក្រួសទឹកមាត់ដូចខាងក្រោម៖
១-ត្រូវពិសាទឹកឱ្យបានក្នុង១ថ្ងៃយ៉ាងតិច២លីត្រ
២-ត្រូវធ្វើការសម្អាតក្នុងមាត់ឱ្យបានល្អ
៣-កុំព្រងើយកន្តើយចំពោះអាការខុសប្រក្រតីផ្សេងៗ ប្រសិនបើមានអាការអ្វីមួយនៅក្នុងក្រអូមមាត់ ត្រូវពិគ្រោះសុខភាពមាត់ជាមួយគ្រូពេទ្យ ៕
តើមានអ្វីកើតឡើងបើមិនទទួលទានទឹក? សូមមើលវីដេអូទាំងអស់គ្នា
ប្រភព៖ YouTube Channel TED-Ed