ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២០:០០ (28-09-2017 20:00)
រាជធានីភ្នំពេញ ៖ ក្រោយពីបដិសេធរឿងស្នេហ៍ជាមួយនាយកៃដមកតារាកំប្លែង នាង ខ្ញុង បានលាតត្រដាងអាថ៌កំបាំង ដោយអះអាងថា ត្រៀមនឹងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីសែនព្រេនជាប្ដីប្រពន្ធរួចមក ។
ចំណងស្នេហ៍រវាងអ្នកទាំងពីរត្រូវគេសង្ស័យជាយូរណាស់មកហើយ ព្រោះគេតែងតែឃើញទៅណាមកណាជាមួយគ្នា ប៉ុន្តែនាងខ្ញុង បានបដិសេធ ។
នៅទីបំផុតកាលពីម្សិលមិញតារាកំប្លែងនាងខ្ញុង បានសារភាពថា នាងនិងនាយកៃដ គឺជាប្ដីប្រពន្ធនឹងគ្នា ។ នាង និងនាយកៃដ បានសែនព្រេននៅមុខចាស់ទុំ ដើម្បីយកគ្នាជាប្តីប្រពន្ធប្រមាណ១ខែមកហើយ ។ ខ្ញុងនិយាយថា ទាំងនាង និងនាយកៃ ដ មិនចង់រៀបចំពិធីអាពាហ៍ពិពាហ៍ទេ ដោយសារតែនាងគ្មានលុយគ្រប់គ្រាន់ ម្យ៉ាងទាំងពីរនាក់សុទ្ធតែមេម៉ាយ និងពោះម៉ាយដូចគ្នា ។
នាងខ្ញុង បញ្ជាក់ថា នាងត្រៀមចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលខាងមុខដ៏ខ្លីនេះ ។
តារាកំប្លែងនាងស្រេង សុកាន់ដា ហៅនាងខ្ញុង ពីដំបូងហាក់ស្ទាក់ស្ទើរបង្ហាញភាពជាប្ដីប្រពន្ធរវាងនាងនិងនាយកៃដ ជាសាធារណៈ ព្រោះខ្លាចបាត់ប្រជាប្រិយភាព ប៉ុន្តែដោយសារតែ អ្វីៗត្រូវបានលាតត្រដាងហើយនោះ នាងមិនចាំបាច់លាក់បាំងទៀតទេ ព្រោះមុន និងក្រោយគង់តែដឹងដូចគ្នា ។
ពន្លកស្នេហាមួយនេះនាងខ្ញុង ឱ្យដឹងថា ក្រោយពីនាងក្លាយជាតារាកំប្លែងមកបាត់ការទាក់ទងជាមួយនាយកៃដប្រមាណជាង២ឆ្នាំ តែក្រោយមកទូរទស្សន៍ CTN ហៅអតីតអ្នកដែលធ្លាប់ចូលរួមប្រឡងកំប្លែង មកចូលរួមសម្តែងខណៈពង្រីកក្រុមថ្មី ហើយក៏បានជួបគ្នាម្ដងទៀត។ វាជាឱកាសដែលធ្វើឱ្យនាង និងនាយកៃដបានជួបគ្នាញឹកញាប់ ទើបទីបំផុតក្លាយជាគូស្នេហ៍នឹងគ្នា ។
នាងខ្ញុង ឱ្យដឹងថា នាយកៃដ ធ្លាប់មានប្រពន្ធ និងមានកូនប្រុសម្នាក់អាយុប្រហែល៤ឆ្នាំ។ នាយកៃដ ទើបតែលែងលះប្រពន្ធដាច់ស្រេចជាង៥ខែកន្លងមក ទើបនាងសម្រេចចិតជ្រើសរើសនាយកៃដជាគូអនាគតតែម្ដងទៅ ៕