រាជធានីភ្នំពេញ ៖ បន្ទាប់ពីធ្លាយដំណឹងលែងលះរួចមក ភរិយាលោកហម ឈរ៉ា បានសុំរាប់អានគ្នាជាបងប្អូនវិញ ។
ដំណឹងលែងលះរបស់តារាសម្តែងលោកហម ឈរ៉ា បែកធ្លាយជាសាធារណៈក្នុងអំឡុងពេលថ្មីៗនេះ ហើយត្រូវសារព័ត៌មានក្នុងស្រុកនានាចុះផ្សាយជាបន្តបន្ទាប់ ។
លិខិតលែងលះចេញតាំងពីអំឡុងដើមខែមិថុនា ឆ្នាំ២០១៧ម្ល៉េះ ប៉ុន្តែអ្នកទាំងពីរព្យាយាមមិនឲ្យដឹងឮដល់មហាជនទេ ។
នៅទីបំផុតលោកហម ឈរ៉ា បានបញ្ចេញរឿងពិតមួយនេះតាមរយៈហ្វេសប៊ុករបស់លោក ព្រមទាំងបង្ហាញលិខិតលែងលះផង ។
បន្ទាប់ពីការទម្លាយរឿងបែកបាក់គ្រួសាររបស់លោកហម ឈរ៉ា មក ភរិយារបស់លោកបានទទួលស្គាល់ ហើយស្នើសុំរាប់អានគ្នាជាបងប្អូនវិញ ។
ភរិយារបស់លោកហម ឈរ៉ា ដែលដាក់ឈ្មោះក្នុងហ្វេសប៊ុកថា «Keo Phally Kiny Neth »បានបង្ហោះសារថា «បើបងបានជាប្រកាសមុនទៅហើយ អូនក៏មិនខ្លាចនឹងបើកចំហដែរ ។ ចាប់ពីថ្ងៃទៅយើងទាំងពីរគឺជាបងប្អូនល្អ រួមចិត្តគំនិតដើម្បីមើលថែកូនស្រីតែមួយរបស់យើងណាបង(គោរពបងជានិច្ចបងប្រុស» ។
ភរិយារបស់លោកហម ឈរ៉ា បានស្នើសុំដល់ទស្សនិកជនកុំដាក់កំហុសណាមួយដល់អតីតស្វាមីរបស់នាងជុំវិញបញ្ហាដែលបានកើតឡើងនេះ ។
នារីជាអតីតភរិយាសរសេរថា «បងហម ឈរ៉ា ជាidol គាត់ជាព្រះបាទជ័យវរ្ម័នទី៧ តួអង្គក្នុងចិត្តតាំងពីមុនរហូតមកដល់បច្ចុប្បន្ន ។ ការសម្តែងសមពេលខ្លះគឺជាទេពកោសល្យពីកំណើតរបស់គាត់ដើម្បីសិល្បៈ សូមកុំប្រដូចនឹងចរិតកំណើតរបស់គាត់ទៅនឹងការសម្តែង អយុត្តិធម៌ខ្លាំងណាស់សម្រាប់គាត់» ។
បើយោងតាមលិខិតលែងលះបញ្ជាក់ថា ភរិយារបស់លោកហម ឈរ៉ា បានស្នើសុំការលែងលះពីតារាសម្តែងរូបនេះ ដោយក្នុងនោះសុំសិទ្ធិគ្រប់គ្រងកូនឈ្មោះ«ហម រ៉ាណែត អាលីហ្សា» ដោយមិនទាមទារអាហារកិច្ចចិញ្ចឹមកូនទេ ប៉ុន្តែនាងសុំបែងចែកទ្រព្យសម្បត្តិរួមជាពីរចំណែក ៕