តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោកប្រចាំក្លឹបអ្នកមានបុណ្យ Barcelona បានសរសេរសារផ្តល់ជាកម្លាំងចិត្តដល់ជនរងគ្រោះរាប់ពាន់នាក់ក្នុងហេតុការណ៍រញ្ជួយដី នៅម៉ិចស៊ីកូ ។
កាលពីថ្ងៃអង្គារ សប្តាហ៍មុន មានគ្រោះរញ្ជួយដីកម្រិត៧.១ កើតឡើងនៅម៉ិចស៊ីកូ ដែលធ្វើឲ្យមនុស្សស្លាប់៣៣១នាក់ និងធ្វើឲ្យខូចខាតផ្ទះសម្បែងអស់១ម៉ឺនខ្នង ។ គេចាត់ទុកវាថា ជាគ្រោះរញ្ជួយដីខ្លាំងជាងគេក្នុងប្រទេស ធៀបទៅនឹងហេតុការណ៍រញ្ជួយកាលពីមុនក្នុងកំឡុងពេល៣០ឆ្នាំមកនេះ ។
Messi បានសរសេរសារបង្ហោះក្នុងហ្វេសប៊ុកថា ៖ “ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងទៅនឹងហេតុការណ៍កើតឡើងកាលពីសប្តាហ៍មុន ដែលមានមនុស្សជាច្រើនអ្នករងគ្រោះនៅក្នុងម៉ិចស៊ីកូ សហរដ្ឋអាមេរិក ព័រតូរីកូ អាស៊ីខាងត្បូង សៀរ៉ាឡេអូន និងប្រទេសផ្សេងៗទៀត ។ ការគិត និងការគាំទ្ររបស់ខ្ញុំ តែងតែផ្តល់ជូនដល់អ្នករាល់គ្នា ដែលជាជនរងគ្រោះ ។”
ជាមួយគ្នានេះដែរ Ronaldo ក៏បានសរសេរបង្ហោះថា ៖ “ការគាំទ្រយ៉ាងពេញទំហឹង និងការឱបយ៉ាងណែន ទៅដល់ប្រជាជនម៉ិចស៊ីកូ ៕”