តាមប្រភពព័ត៌មាន ESPN FC បានឲ្យដឹងថា ឪពុករបស់កីឡាករថ្លៃជាងគេក្នុងប្រវតិ្តសាស្ត្របាល់ទាត់ Neymar Jr. បានប្រាប់មក Telefoot ថា ការចាកចេញរបស់រូបគេពីក្លឹប Barcelona ទៅ ក្លឹប PSG ពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលនឹកស្មានមិនដល់ ។ កីឡាករអាយុ២៥ឆ្នាំ ត្រូវបានឲ្យតម្លៃខ្លួនដល់ទៅ២៦០លានដុល្លារក្នុងការចាកចេញពី Barca ទៅ PSG កាលពីរដូវកាលដោះដូរកីឡាករមុន ។ មកដល់ពេលនេះ Neymar បានរកគ្រាប់បាល់ជូនក្លឹបថ្មីបានដល់ទៅ៧គ្រាប់ហើយក្នុងការប្រកួត៨ប្រកួត ។
ឪពុករបស់កីឡាកររូបនេះលោក Neymar Sr. បានប្រាប់ទៅកាន់កម្មវិធីរបស់បារាំង Telefoot ថា «ការសម្រេចចិត្តរបស់គេធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ កាលពីឆ្នាំមុន PSG ក៏មកទាក់ទងពួកយើងដែរ តែយើងមិនទាន់យល់ព្រម ។ តែការផ្តល់ឲ្យលើកនេះរបស់ PSG ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ។ ក្តីបំណងរបស់ក្លឹបចង់ឈ្នះ Champions League គឺពិតជាអ្វីដែលកូនខ្ញុំចាប់អារម្មណ៍» ។
លោកបានបន្តថា «តាមការពិត ខ្ញុំជាអ្នកមិនហ៊ានសម្រេចចិត្តនៅពេលចុងក្រោយ ។ ខ្ញុំបានប្រាប់ទៅកូនប្រុសខ្ញុំថា មិនគួរទៅក្លឹបថ្មីទេ ព្រោះនៅទីនោះ(Bacelona)ជាទីសុខស្រួលរបស់រូបគេ ។ ការសម្រេចចិត្តដ៏ល្អ គឺគួរតែនៅក្នុងក្លឹបដដែល ។ តែរូបគេបានប្រកែក ទោះបីជាមានកីឡាកររួមក្រុមដូចជា Messi, Suarez, Rakitic និង Pique មកឃាត់ក៏ដោយ» ៕