រាជធានីភ្នំពេញ ៖ បើទោះបីជារឿងរ៉ាវបានកន្លងហួសទៅជិតមួយឆ្នាំក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះលោកអិុន សុភិន នៅមិនទាន់រលត់កំហឹងចំពោះលោកប៉ែន ចំរ៉ុង នៅឡើយទេ ។
ចាងហ្វាងផលិតកម្មមហាហង្សរូបនេះបានទម្លាយរឿងលោកចំរ៉ុង ដែលធ្វើអាក្រក់ដាក់កូនស្រីរបស់លោកនាងភិន សុដាលីស ។
លោកអិុន សុភិន បានទម្លាយសារមួយតាមហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងមករៀបរាប់ពីលោកប៉ែន ចំរ៉ុង ធ្វើអាក្រក់ដាក់កូនស្រីរបស់លោក ។ លោកសរសេរថា«ពាក់ព័ន្ធនឹងរឿងរ៉ាវ បើដឹងការណ៍ពិតទើបដឹងថាអតីតកូនប្រសាខ្ញុំថោកប៉ុនណា ។ កាលពីមុនដោយក្រុមគ្រួសារខ្ញុំដឹងថាវានឹងបោកប្រាស់កូនគេ ក៏សុំអង្វរវាកុំអីចរិតឯងយើងដឹងអស់ហើយ តែវាមិនស្តាប់ ។ ពេលវាបានកូនយើង រហូតដល់មានកូន៣ខែពពោះ ក៏ដើរចោលកូនយើង ហើយរកបើកឡានបុកសម្លាប់កូនយើងទៀត ដោយមិនបានសម្រេចទៅប្តឹងលែងកូនយើងទៀត ។ កូនយើងតាមអង្វរដល់មុខតុលាការក៏វាមិនព្រម ថែមទាំងមិនទទួលស្គាល់កូនវាក្នុងផ្ទៃទៀត ។ ថាកូនយើងអត់គ្រប់ទឹក ឆ្កួត ទូរស័ព្ទនិយាយជាមួយប្រុសផ្សេងម៉ែឪគេមិនពេញចិត្ត ។ នេះគ្រាន់ជាលេសរបស់វា និងពូជរបស់វា ក្រុមគ្រួសារវាទាំងអស់សប្បាយចិត្តព្រោះសងសឹកកូនយើងបានសម្រេច ។
និយាយឱ្យចំទៅមួយពូជវាធ្វើដាក់គេតែអីុចឹង» ។
លោកអិុន សុភិន សរសេរបន្ដទៀតថា «ពេលនេះកូនយើង និងចៅបានចាប់កំណើតជាថ្មី មិនតែប៉ុណ្ណោះវាឱ្យគ្នាវាPost Facebook ហើយCommentជេរហែកហួរបំភ្លៃការណ៍ពិតដល់ក្រុមគ្រួសារខាងស្រីទៀត តើវាធ្វើនេះថោកទាបដល់កម្រិតណា?» ។
នៅមិនទាន់ឃើញមានការឆ្លើយតបណាមួយពីលោកប៉ែន ចំរ៉ុង នៅឡើយចំពោះអ្វីដែលលោកអិុន សុភិន សរសេរនោះ ។
ការទម្លាយសារពីលោកអិុន សុភិន នាពេលនេះធ្វើឡើងបន្ទាប់ពីលោកប៉ែន ចំរ៉ុង ប្រកាសទទួលបានកូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាងចោម ក្វាន់ ជាកូនធម៌ ហើយរងការរិះគន់ពីមហាជន ដ្បិតលោកមានកូនស្រីម្នាក់ជាមួយនាងភិន សុដាលីស តែបែរជាមិនទទួលស្គាល់ទៅវិញ ៕