រាជធានីភ្នំពេញ ៖ សម្រាប់ប្រទេសកម្ពុជាយើងក្នុងឆ្នាំ២០១៧ បានបញ្ជូនបវរកញ្ញាជាច្រើននាក់ទៅចូលរួមប្រកួតប្រជែងសម្រស់នៅលើឆាកអន្តរជាតិ ។ យ៉ាងណាមិញសម្រាប់ការប្រកួតសម្រស់អន្តរជាតិមួយដែលមានឈ្មោះថា Miss Earth ២០១៧ (បវរកញ្ញាភពផែនដី) នោះ កម្ពុជាក៏មានបេក្ខនារីដ៏ស្រស់សោភាចូលរួមប្រកួតផងដែរ នោះគឺកញ្ញាអែម គុនថង អាយុ១៨ឆ្នាំ ។
យោងតាមគេហទំព័រ និងគណនីហ្វេសប៊ុកផ្លូវការរបស់ Miss Earth ឲ្យដឹងថា ការប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិមួយនេះដែលកំពុងតែប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ទីកន្លែងដែលមានកំពូលសម្រស់ពី៨៧ប្រទេសចូលរួមនោះ គឺអនុញ្ញាតឲ្យសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Twitter ចូលរួមបោះឆ្នោតគាំទ្របវរកញ្ញាមកពីបណ្តាប្រទេសនានាដែលកំពុងមានវត្តមាននៃការប្រកួតសម្រស់អន្តរជាតិមួយនេះ តាមរយៈការចុច Like, share and Twitting ។
ការប្រកួតសម្រស់អន្តរជាតិ Miss Earth 2017 នេះបានបើកឲ្យសាធារណជនបោះឆ្នោតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា សម្រាប់ជម្រុះកំពូល១៦ប្រទេសចុងក្រោយ (Top 16) និងការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រដើម្បីមានឱកាសដណ្ដើមមកុដបវរកញ្ញាភពផែនដីឆ្នាំ២០១៧ និងពានរង្វាន់ថតរូបស្រស់ស្អាត (The Miss Photogenic Special Award) ។
ការ Like មួយស្មើនឹង១ពិន្ទុ និងការ Share មួយដងស្មើនឹង៥ពិន្ទុនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់ Miss Earth 2017 និងការ Twit មួយលើស្មើនឹង៥ពិន្ទុ ។ លោកអ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកអាចបោះឆ្នោតតាមរយៈទំព័រហ្វេសប៊ុក Miss Earth 2017 និង Twitter តាមរយៈគេហទំព័រ ៖ www.missearth.tv/photogenic ៕