រាជធានីភ្នំពេញ ៖ អ្នកនាងចាន់ តារាទី និងលោកខៃ ប្រសិដ្ឋ បានស្កាត់ជួបគ្នានៅប្រទេសអូស្ត្រាលី បន្ទាប់ពីអ្នកទាំងពីរខកខានជួបគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ ។
ការស្កាត់ជួបគ្នានេះមិនមែនលក្ខណៈគូស្នេហ៍ទេ ពោលគឺជាការជួបគ្នាមួយដែលធ្វើឡើងដោយឥតព្រាងទុកក្នុងនាមជាដៃគូសម្តែងភាពយន្តរួមជំនាន់ ។
វីដេអូនៃការជួបគ្នារបស់លោកខៃ ប្រសិដ្ឋ និងអ្នកនាងចាន់ តារាទី ដែលគេបង្ហោះតាមហ្វេសប៊ុកនាពេល ថ្មីៗនេះមានអ្នកទស្សនាជាច្រើនម៉ឺននាក់ ក្នុងពេលដែលអ្នកទាំងពីរឱបថើបក្នុងភាពស្និទ្ធស្នាលគ្នាខ្លាំង ។ ទាំងអ្នកនាងចាន់ តារាទី និងលោកខៃ ប្រសិដ្ឋ បានរំលឹកពីអនុស្សាវរីយ៍ ចាស់ៗកន្លងមក ក្នុងនោះអ្នកនាងចាន់ តារាទី រំលឹកពីការសម្តែងរួមគ្នាចុងក្រោយដែលលោកខៃ ប្រសិដ្ឋ សម្តែងជាតួឈ្មោះប៊ុន ធឿន ហើយឡើងយន្តហោះចាកចោលនាង ចរិយា ដែលសម្តែងដោយរូបនាងផ្ទាល់ ។
អ្នកនាង ចាន់តារាទី បញ្ជាក់ថា ចាប់តាំងពីពេលនោះមក នាង និងលោកខៃ ប្រសិដ្ឋ មិនបានជួបមុខគ្នាទៀតទេដែលគិតមកដល់ពេលនេះប្រហែលជាង២០ឆ្នាំហើយ ខណៈពេលដែលការជួបនេះស្ទើរតែគ្មានឱកាស ។
លោកខៃ ប្រសិដ្ឋ បង្ហាញភាពស្និទ្ធស្នាល និងរាក់ទាក់ទៅកាន់អ្នកនាងចាន់ តារាទី ដោយលោកថ្លែងពីក្តីស្រឡាញ់ និងនឹករលឹកចំពោះអ្នកនាងចាន់ តារាទី ព្រមទាំងអតីតតារាសម្តែងរួមជំនាន់ទាំងអស់ ។
អតីតតារាសម្តែងលោកខៃ ប្រសិដ្ឋ និងអ្នកនាងចាន់ តារាទី សុទ្ធតែជាតារាល្បីកាលពីច្រើនឆ្នាំមុន ។
លោកខៃ ប្រសិដ្ឋ និងអ្នកនាងចាន់ តារាទី ត្រូវទស្សនិកជនចងចាំថា អ្នកទាំងពីរសម្ដែងជាតួឯកប្រុសស្រីដ៏ស័ក្តិសមបំផុតក្នុងរឿង«ភ្នំពេញស្នេហាខ្ញុំ» ។
មូលហេតុដែលធ្វើឱ្យលោកខៃ ប្រសិដ្ឋ និងអ្នកនាងចាន់ តារាទី មានឱកាសបានជួបគ្នានោះ គឺដោយសារតែអ្នកនាងចាន់ តារាទី ទៅប្រទេសអូស្ត្រាលីក្នុងគោលបំណងរៃអង្គាសប្រាក់ដើម្បីជួយកសាងវត្ត ។ លើសពីនេះនាងមានគម្រោងដើរលេង និងទៅសួរសុខទុក្ខមិត្តភក្តិ ចាស់ៗដែលរស់នៅទីនោះផងដែរ ៕