រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងនាង អ៊ុំ គន្ធា ដ៏ក្រីក្រកម្សត់កន្លងមកត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ តុលា ខណៈពេលដែលសមត្ថកិច្ចចម្រុះចុះទៅបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីនៅចំណុចផ្ទះគ្មានលេខ លើលូទឹកស្អុយភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ក្រៅពីនាង អ៊ុំ គន្ធា នៅមានមនុស្ស២នាក់ទៀត ត្រូវបានឃាត់ខ្លួន ។
ប្រតិបត្តិការបង្ក្រាបទូហ្គេមនេះដឹកនាំដោយលោក ប្រាជ សីហា អភិបាលរងខណ្ឌ ឫស្សី កែវ និងមានការចូលរួមសម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ។ នៅក្នុងប្រតិបត្តិការនេះ មនុស្សចំនួន ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមានស្រី២នាក់និងប្រុសម្នាក់ គិតទាំងអតីតតារាចម្រៀងនាង អ៊ុំ គន្ធា ត្រូវបានឃាត់ខ្លួនផងដែររួមជាមួយទូហ្គេមបាញ់ត្រីចំនួន២គ្រឿងត្រូវបានដកហូត ។ ម្ចាស់ផ្ទះបើកហ្គេមឈ្មោះ ទិន យូឡុង ភេទប្រុស អាយុ៦០ឆ្នាំ ។
តាមព័ត៌មានឱ្យដឹងថា ផ្ទះបើកហ្គេមនេះបានដំណើរការជាយូរមកហើយ ដោយមានលួចលាក់ប្រើប្រាស់គ្រឿងញៀនផងដែរ ។ នៅពេលដែលសមត្ថកិច្ចចុះទៅបង្ហ្រាប គេឃើញអតីតតារាចម្រៀងរូបនោះគឺអ្នកនាង អ៊ុំ គន្ធា បានរត់ចុះទៅពួនសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដី ហើយត្រូវបានកម្លាំងកងរាជអាអាវុធហត្ថចុះទៅនាំខ្លួនរួមជាមួយមនុស្ស២នាក់ទៀត ។ រឿងដែលគួរឱ្យកត់សម្គាល់នោះ ពេលសមត្ថកិច្ចនាំចេញមកក្រៅ គេឃើញនាងអង្គុយលុតជង្គង់សំពះដ៏គួរឱ្យអាណិតក្រៃលែង មិនគួរធ្លាក់ខ្លួនទៅប្រឡូកក្នុងវង់ល្បែងហ្គេមបែបនេះទេ ។ ទោះបីជាយ៉ាងណា គេមិនដឹងថាអតីតតារាចម្រៀងរូបនេះ នៅផ្ទះហ្គេមនោះធ្វើអ្វីឡើយ តែអ្នកខ្លះថាគាត់ទៅលេងហ្គេម ។ ទោះបីបែបនេះក្តី តាមគេហទំព័រខ្លះបានផ្សាយថា នាងពាក់ព័ន្ធនឹងគ្រឿងញៀន ។
ទាក់ទិននឹងករណីនេះអាជ្ញាធរខណ្ឌបានប្រាប់កោះសន្តិភាពថា អតីតតារាចម្រៀងនាង អ៊ុំ គន្ធា តាមមើលទៅបានក្លាយទៅជាមនុស្សដែលមានសតិមិនប្រក្រតីទៅហើយ និងហាក់មានស្មារតីមិនល្អឡើយ ឆាប់ភ័យ តក់ស្លុត និងស្រែកយំ ដែលសមនឹងអាណិតមែន ។តាមសមត្ថកិច្ចបានឱ្យដឹងថា អតីតតារាចម្រៀងដែលធ្លាក់ខ្លួនលំបាកវេទនារូបនោះបានប្រាប់ថា គាត់បានមករកជួលផ្ទះស្នាក់នៅក្បែរនោះ ពេលសមត្ថកិច្ចមកដល់ក៏ឃាត់ខ្លួនតែម្តង ដោយសារគាត់ភ័យក៏រត់ទៅពួននឹងគេទៅ ។
អតីតតារាចម្រៀងរូបនេះរួមទាំងអ្នកលេងហ្គេមចំនួន២នាក់ទៀតត្រូវបាននាំខ្លួនទៅកាន់សាលាខណ្ឌឫស្សីកែវ ។ នៅរសៀលថ្ងៃដដែលនេះនាង អ៊ុំ គន្ធា ត្រូវបានរដ្ឋបាលខណ្ឌណែនាំឱ្យធ្វើកិច្ចសន្យា ព្រមទាំងបានជួយអប់រំនិងដោះបានលែងនាងវិញហើយ ៕