រាជធានីភ្នំពេញ ៖ តារាសម្តែងដែលមានភាពល្បីល្បាញបំផុតក្នុងពិភពខ្សែភាពយន្តខ្មែរនាទស្សវត្សឆ្នាំ៨០និង៩០ អ្នកនាង អម្ពរ ទេវី ត្រៀមនឹងវិលមកកាន់ប្រទេសកម្ពុជាជាថ្មី ដើម្បីចូលរួមថតខ្សែភាពយន្តជាលើកទីពីរ បន្ទាប់ពីអ្នកនាងធ្លាប់មកថតលើកទីមួយ តាមការស្នើសុំពីអ្នកស្រីពាន់ ភួង បុប្ឋា កាលពីអំឡុងចុងឆ្នាំ២០១៦ កន្លងទៅ ។
យោងតាមមិត្តភក្តិជិតស្និតផ្ទាល់អ្នកនាង អម្ពរ ទេវី នៅសហរដ្ឋអាមេរិកបានបង្ហើបប្រាប់ ថា បើមិនមានការប្រែប្រួលអ្វីទេនោះអ្នកនាង អម្ពរ ទេវី នឹងមកស្រុកខ្មែរជាថ្មី ដើម្បីចូលរួមថតខ្សែភាពយន្តជាលើកទីពីរ ។ អ្នកនាង អម្ពរ ទេវី នឹងទៅកាន់ប្រទេសកម្ពុជានៅដើមឆ្នាំក្រោយនេះ តបការស្នើសុំឲ្យចូលរួមថតខ្សែភាពយន្តភាគរឿង កាកីថ្មី ឲ្យស្ថានីយទូរទស្សន៍ស៊ីធីអិន ។ ខ្សែភាពយន្តដែលអ្នកនាងត្រូវថតនេះជាខ្សែភាពយន្តភាគខុសពីលើកមុន ជាខ្សែភាពយន្តខ្នាតធំរឿង ទឹកចិត្តម្តាយសម័យថ្មី របស់ផលិតកម្មថោន ។ ប្រភពដដែលបន្ថែមថា ការវិលមកកាន់ស្រុកខ្មែរនាពេលនេះអ្នកនាង អម្ពរ ទេវី និងចំណាយពេលប្រហែលជាមួយខែដើម្បីស្នាក់នៅស្រុកកំណើត ជាមួយវត្តកូនប្រុសច្បង របស់អ្នកនាងដែលធ្លាបមកជាមួយនាងកាលពីលើកមុន ។
ចំណែកស្វាមី និងកូនស្រី មិនមកជាមួយឡើយ ដោយត្រូវនៅមើលហាងដែលអ្នកនាង និងស្វាមីទើបតែបើកដំណើរការកាលពីពេលថ្មីៗនេះ ។ យ៉ាងណាក៏ដោយដំណឹងពីការវិលមកកាន់ស្រុកកំណើតដើម្បីថតខ្សែភាពយន្តជាលើកទីពីររបស់កំពូលតារាសម្តែងអ្នកនាង អម្ពរ ទេវី នាពេលនេះត្រូវបានទស្សនិកជាច្រើនសម្តែងការស្វាគមន៍ និងអបអរខណៈពេលកេរ្តិ៍ឈ្មោះរបស់នាងហាក់មិនទាន់រលុបចេញពីបេះដូងទស្សនិកជននៅក្នុងស្រុកនៅឡើយទេ។
អ្នកនាង អម្ពរ ទេវី ធ្លាប់បានអះអាង បើទោះបីជាពេលនេះអ្នកនាងបានរសាត់អណ្តែតទៅកាន់ជីវភាពថ្មីលើទឹកដីអាមេរិកក៏ដោយ ប៉ុន្តែនិស្ស័យជាអ្នកសិល្បរបស់អ្នកនាងហាក់មិនចេញទៅណាឆ្ងាយឡើយ ៕