រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នៅវេលាម៉ោង០៨យប់ថ្ងៃទី១៥ វិច្ឆិកា នេះ អ្នកនាងប៉េងប៉ោង នឹងបញ្ជូនឪពុករបស់ខ្លួន គឺលោកវីតាមីនសេ ទៅកាន់ប្រទេសថៃ ទន្ទឹមនឹងអ្នកនាង ក៏កំពុងពិចារណាទៅលើប្រទេសចំនួន៣ផងដែរ ។
សេចក្តីរាយការណ៍បន្តថា ការសម្រេចចិត្តយ៉ាងទាន់ហន់នេះ គឺក្រោយពេលលោកឪពុក បាននិងកំពុងធ្វើទុក្ខខ្លាំង គឺមានអាការៈគ្រុនក្តៅឡើងជាង៤០អង្សារ ទើបមិនអាចទុកយូរបាន ។
ទោះបីជាយ៉ាងណា ការសម្រេចចិត្តរបស់អ្នកនាងប៉េងប៉ោង ដែលបញ្ជូនទៅកាន់ប្រទេសថៃនេះ គឺនៅរង់ចាំមើលលោកគ្រូពេទ្យនៅទីនោះថា តើត្រូវធ្វើអ្វីបន្តទៀត ។
គួររំលឹកថា ស្របពេលដែលជំងឺរបស់តារាកំប្លែងនាយ វីតាមីនសេ កំពុងតែឈានដល់ដំណាក់ចុងក្រោយ ហើយក្រុមគ្រូពេទ្យនៅក្នុងស្រុក មិនអាចមានលទ្ធភាពព្យាបាលបាននោះ អ្នកនាងប៉េងប៉ោង ដែលជាកូនស្រីបង្កើត បាននឹងកំពុងពិចារណាប្រទេសចំនួន៣ ដែលនឹងត្រូវនាំយកឪពុករបស់ខ្លួន ដើម្បព្យាបាល។
ថ្លែងប្រាប់ប្រាប់កោះសន្តិភាព តារាកំប្លែងអ្នកនាងប៉េងប៉ោង បានអះអាងថា រហូតមកដល់ពេលនេះ អាការៈជំងឺរបស់ឪពុកខ្លួន បានស្ថិតក្នុងភាពគួឲ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលពេទ្យនៅក្នុងស្រុកបានខិតខំអស់លទ្ធភាព។ នាងបញ្ជាក់ថា តាមការណែនាំពីក្រុមគ្រូពេទ្យនាដំណាក់កាលចុងក្រោយនេះ គឺបានឲ្យអ្នកនាងពិចារណា ដើម្បីនាំលោក វីតាមីនសេ ទៅព្យាបាលនៅក្រៅប្រទេស ព្រោះតាមប្រភេទជំងឺរបស់លោកគឺមានសភាពធ្ងន់ធ្ងរ។
បើតាមអ្នកនាង ប៉េងប៉ោង ប្រទេសចំនួន៣ដែលអ្នកនាងកំពុងពិចារណានោះមានដូចជាប្រទេសថៃ សឹង្ហបុរី និងឥណ្ឌា ហើយអ្នកនាងកំពុងតែព្យាយាមទាក់ទងប្រទសទាំងអស់នេះ ដើម្បីស្វែងរកនួវទំនុកចិត្តមួយ ។ អ្នកនាងបញ្ជាក់ថា សម្រាប់រូបនាងផ្ទាល់គឺនាងចង់ទៅប្រទេសសឹង្ហបុរី ព្រោះនៅទីនោះអាចមានជំនាញព្យាបាល តែអ្នកនាងក៍កំពុងពិចរណាប្រទេសឥណ្ឌាមួយទៀតផងដែរ ដែលបានទទួលការណែនាំពីមិត្តភក្តិថាមានជំនាញក្នុងការព្យាបាលជំងឺប្រភេទនេះ។