រាជធានីភ្នំពេញ ៖ តារាមួយចំនួនមាននិស្ស័យស្នេហ៍ក្លាយជាភរិយាពេញច្បាប់ និងជាសង្សារជាមួយបុរសបរទេស ។
តារាស្រីទាំងនោះមួយចំនួនបាន និងកំពុងសាងសុភមង្គលជាមួយស្វាមីដែលជាជនបរទេស ខណៈពេលដែលតារាមួយចំនួនទៀតកំពុងតែសាងស្នេហ៍ក្នុងនាមជាគូសង្សារជាមួយបុរសបរទេស ។
តារាសម្តែងអ្នកនាងកែវ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសអ្នកជំនួញជនជាតិអង់គ្លេសលោក Briyan កាលពីចុងឆ្នាំ២០០៣ ខណៈពេលដែលបច្ចុប្បន្ននាងមានកូនស្រីម្នាក់ ។ កែវ ស្រីនាង ត្រូវគេចាត់ថាជាតារាស្រីដ៏មានស្ដុកស្ដម្ភម្នាក់ ក្រោយពីរៀបការជាមួយស្វាមីជាអ្នកជំនួញជនជាតិអង់គ្លេសរួចមក ដោយសារស្វាមីមានទ្រព្យ និងមុខជំនួញជាច្រើន ។ ស្រីនាងត្រូវបានគេដឹងថារស់នៅសៀមរាប មានជំនួញបោះដុំបន្លែគ្មានជាតិគីមីនៅតាមសណ្ឋាគារ ហាងសាឡន និងមានផ្ទះផ្ទាល់ខ្លួននៅទីនោះ យ៉ាងប្រណីតរចនាបែបខ្មែរដូចផ្ទះសេដ្ឋីបុរាណ ។
បើងាកមើលជីវិតឯកជនរបស់កែវ ស្រីនាង គឺឃើញថានាងមានសុភមង្គលជាមួយស្វាមីដែលជាជនជាតិបរទេស និងកូនស្រីធំពេញរូបពេញរាងម្នាក់ ។ ដោយសារតែចិត្តនៅតែស្រឡាញ់លើសិល្បៈកែវ ស្រីនាង បានវិលចូលពិភពសម្តែងជាថ្មី ដោយក្នុងនោះនាងទទួលបានការថតខ្សែភាពយន្ត និងចម្រៀងកាយវិការជាបន្តបន្ទាប់ ។
ពិធីការិនីអ្នកនាងខៀវ សានសាណា បានរៀបការជាមួយស្វាមីឈ្មោះ Seraj Sutton សញ្ជាតិអាមេរិក ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Herbalife Cambodia កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានចែកផ្លូវជាមួយស្វាមីទី១ជាជនជាតិកាណាដា ។
បើទោះជាចំណងស្នេហ៍ស្វាមីទីមួយរបស់នាងបានបន្សល់ទុកកូនពីរក៏ដោយ ប៉ុន្តែពិធីការិនីរូបនេះនៅតែថែរក្សារូបសម្រសស្រស់ស្អាត និងយកស្វាមីជាជនបរទេសដដែល ។
បើទោះបីជាមានស្វាមីមានទ្រព្យក៏ដោយអ្នកនាងខៀវ សានសាណា នៅតែមិនឃ្លាតទៅណាឆ្ងាយពីអាជីពរបស់ខ្លួនឡើយ ដោយនាងនៅតែបង្ហាញវត្តមានធ្វើពិធីការិនីនៅទូរទស្សន៍CTN និងតាមមង្គលការ ធំៗដដែល ។
អតីតពិធីការិនី និងតារាសម្តែងអ្នកនាង ផូ មុន្នីពៅ បានរៀបការកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១១ ជាមួយលោកអេរិច ជនជាតិបារាំងជាមន្ត្រីនៅស្ថានទូតបារាំង ។
ចំណងអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិបារាំង ធ្វើឱ្យអ្នកនាងផូ មុន្នីពៅ បាន និងកំពុងតែសោយសុខ និងមានសុភមង្គលយ៉ាងខ្លាំង ហើយបច្ចុប្បន្ននាងទទួលបានចំណងដៃកូនប្រុសម្នាក់រួចហើយនៅលើទឹកដីប្រទេសបារាំង ក្រោយពីចាកចេញទៅរស់នៅទីនោះបានជាង១ឆ្នាំ ។
តារាសម្តែង និងជាតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខណ៍ ត្រូវបានគេដឹងថា មានស្វាមីសញ្ជាតិហុល្លង់ ដើមកំណើតអង់គ្លេសឈ្មោះលោកម័រថេន ក្វាមេន បានរៀបការជាមួយគ្នានៅឆ្នាំ២០១១ បច្ចុប្បន្នមានកូនប្រុសម្នាក់អាយុជិត៣ឆ្នាំ ។ កន្លងមកតារារូបនេះធ្លាប់ទទួលរងនូវព័ត៌មានពីការបែកបាក់ស្វាមីជាជនបរទេសនេះ ប៉ុន្តែព័ត៌មាននោះបានសាបរលាបទៅវិញ ក្រោយពេលដែលនាងបានបង្ហោះរូបភាពដ៏មានសុភមង្គលជាមួយស្វាមី និងកូនតាមហ្វេសប៊ុកជាបន្តបន្ទាប់ ។
អតីតតារាសម្តែង និងជាពិធីការិនីប៉ុស្តិ៍លេខ៥ អ្នកនាងអឿន ដាលីស បានសាងសុភមង្គល យ៉ាងផ្អែមត្រជាក់ជាមួយបុរសជនជាតិខ្មែររស់នៅប្រទេសអូស្ត្រាលីឈ្មោះ Nathan Blacker សញ្ជាតិអូស្ត្រាលី មានវ័យទើបតែ២៨ឆ្នាំ ។ ដាលីស ក៏បានដឹកដៃគ្នាជាមួយនឹងគូស្នេហ៍ចូលរោងការកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ តាមបែបគ្រឹស្តសាសនា ដោយមានការចូលរួមពីឪពុកម្តាយទាំងសងខាងទទួលដឹងឮ និងឱ្យពរជ័យសិរីមង្គល ។
មង្គលការរបស់ពួកគេត្រូវបានរៀបចំឡើងនៅទីក្រុង Cabramatta រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ហើយរៀបចំម្តងទៀតនៅស្រុកខ្មែរផងដែរ ។
បច្ចុប្បន្នអ្នកនាងអឿន ដាលីស និងស្វាមីមានកូនស្រីម្នាក់ខណៈពេលដែលអតីតតារារូបនេះបានរសាត់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈ ដើម្បីសាងសុភមង្គលនៅឯនាយសមុទ្រ ។
តារាសម្តែង និងបង្ហាញម៉ូដដែលចូលចិត្តសម្ញែងខ្លួនបែបសិចស៊ី នាងទឹម រដ្ឋា ដែលជាតារាល្បីមាននិស្ស័យជាមួយបុរសបរទេសបាន និងកំពុងភាពផ្អែមល្ហែមជាសង្សារជាមួយលោក Jovany Antonio ដែលជនជាតិអាមេរិក បន្ទាប់ពីនាងបានប្រកាសបែកមិត្តប្រុស Zarckie ជនជាតិប៉ាគីស្ថានក្រោយស្គាល់គ្នាបានប្រមាណ៥ឆ្នាំ ។ បច្ចុប្បន្នបើទោះបីជា ទឹម រដ្ឋា កំពុងទាក់ទងជាមួយលោក Jovany Antonio ជនជាតិអាមេរិក ថែមទាំងត្រូវបានសាច់ញាតិទាំងសងខាងដឹងឮក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះអ្នកទាំងពីរមិនទាន់លេចលឺពីដំណឹងចូលរោងការទេ ៕