រាជធានីភ្នំពេញ ៖ រូបសំណាក និងប្រាង្គតម្កល់អដិ្ឋធាតុកវីម្ចាស់ស្ទឹងសង្កែ លោកគង្គ ប៊ុនឈឿន បានលេចចេញជារូបរាងហើយ បន្ទាប់ចំណាយពេលវេលា និងប្រាក់សម្រាប់ការសាងសង់ប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ដែលជាប្រាក់ផ្ទាល់របស់ក្រុមគ្រួសារ សាច់ញាតិរបស់លោក ។
ប្រាង្គ សួនច្បារ និងរូបសំណាកកវីម្ចាស់ស្ទឹងសង្កែលោកគង្គ ប៊ុនឈឿន ធ្វើឡើងស្ថិតនៅក្នុងបរិវេណវត្តកណ្តាល ជាប់មាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខណៈពេលកម្មវិធីឆ្លងនឹងប្រារព្ធធ្វើនៅថ្ងៃទី៧ និង៨ ខែមេសា ឆ្នាំ២០១៨ ។
រូបសំណាក និងប្រាង្គតម្កល់អដិ្ឋធាតុកវី គង្គ ប៊ុនឈឿន បានរំលេចជារូបរាងនេះឡើងបន្ទាប់ពីដើមដូងទី១០ ដែលមានប្រវត្តិរឿងរ៉ាវតែងនិពន្ធបទចម្រៀងរបស់កវីរូបនេះក៏ត្រូវបានគេដាំឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ។
ប្រធានក្រុមព្រះសុរិយាលោក យាង វណ្ឌី ដែលជាអ្នកជួយជ្រោមជ្រែងក្នុងការកសាងរូបសំណាកលោកគង្គ ប៊ុនឈឿន បានឲ្យដឹងកាលពីពេល ថ្មីៗកន្លមកថា រូបសំណាក និងប្រាង្គដាក់អដ្ឋិធាតុ លោកគង្គ ប៊ុនឈឿន ចំណាយប្រាក់សាងសង់អស់ប្រមាណ១៥.០០០ដុល្លារអាមេរិក ជាប្រាក់កូន ចៅលោក គង្គ ប៊ុនឈឿន ផ្ទាល់ ។
បើតាមលោកយាង វណ្ឌី ប្រាង្គតម្កល់អដិ្ឋធាតុកសាងឡើងតាមរចនាបថខ្មែរ ទំហំ៦ម៉ែត្រគុណ៦ម៉ែត្រ ហើយនៅមុខប្រាង្គមានសួនច្បារ និងមានរូបសំណាកលោកគង្គ ប៊ុនឈឿន ។
ការជួយរៀបចំកម្មសិទិ្ធបញ្ញា និងការចូលរួមជួយកសាងរូបសំណាកកវី គង្គ ប៊ុនឈឿន ពីក្រុមរបស់លោកនាពេលនេះគឺដោយសារក្រុមរបស់លោកបានមើលឃើញពីគុណតម្លៃរបស់កវីឆ្នើមរូបនេះ ដែលមហាជនខ្មែរត្រូវតបស្នងនូវអ្វីដែលលោកបានបូជាស្ទើរតែពេញមួយជីវិត។ ទីតាំង និងរូបសំណាកនោះកសាងឡើង ក្នុងគោលបំណងឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់កវីរូបនេះជាបន្តទៀត ជាមួយនឹងការរំលឹកនូវស្នាដៃដ៏មានតម្លៃរបស់លោកផងដែរ ។
ចំណែកលោកមុត ថារី ដែលជាកូនប្រសារបស់កវី គង្គ ប៊ុនឈឿន បានអះអាងថា «យើងមានការសប្បាយចិត្តដោយសារតែយើងបានបំពេញបំណងដែលឪពុករបស់ខ្ញុំចង់បានមុនពេលទទួលមរណភាព ។ បើទោះបីជារូបសំណាកលោកគង្គ ប៊ុឈឿន ហាក់នៅមិនទាន់ដូចរូបដើមមួយរយភាគរយក្តី ប៉ុន្តែយើងនៅតែទទួលយកដោយសារនេះជាការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ក្រុមយុវជនស្ម័គ្រដែលបានចូលរួមក្នុងសកម្មភាពនេះ »។
បើតាមលោកមុត ថារី នាពេលខាងមុខក្រុមគ្រួសាររបស់លោកគ្រោងនឹងសាងសង់រូបសំណាកលោកគង្គ ប៊ុនឈឿន មួយទៀតដែលអាចមានលក្ខណៈដូចទៅនឹងរូបដើមរបស់លោកតែម្តង ។
នៅថ្ងៃឆ្លងនៃពិធីបុណ្យនោះមានការប្រគំតន្ត្រី ដែលចូលរួមដោយតារាចម្រៀងជាច្រើននាក់ពីរាជធានីភ្នំពេញ និងប្រិយមិត្តពីទីជិតឆ្ងាយ ដែលនិយមគាំទ្រស្នាដៃនិពន្ធបទចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ក្នុងនោះលោកអ៊ាម វន្នី ដែលជាតារាចម្រៀងក៏អញ្ជើញចូលរួមជាកិត្តិយសផងដែរ ។
កវីស្ទឹងសង្កែលោកគង្គ ប៊ុនឈឿន បានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងនៃប្រទេសន័រវ៉េស ដោយសារជំងឺមហារីក ក្នុងវ័យ៧៧ឆ្នាំ៕