រាជធានីភ្នំពេញ ៖ ដំណឹងនៃការទទួលមរណភាពរបស់តារាកំប្លែងលោក វីតាមីនសេ ត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយមួយថ្ងៃ បន្ទាប់ពីតារាកំប្លែងរូបនេះបានលាចាកលោកមិនត្រឡប់ក្រោយកាលពីរាត្រីថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែមីនា ក្នុងជន្មានយុ៦៩ឆ្នាំ។
ប្រធានសមាគមសិល្បករអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារថា «នាងខ្ញុំសូមសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះអ្នកបង ប៉េង ប៉ោង និងក្រុមគ្រួសារ ដែលបានបាត់បង់លោកឪពុកជាទីស្រលាញ់ និងជីតាជាទីគោរពលោកពូវីតាមីនសេដែលទទួលមរណភាពកាលពីម៉ោង១២និង១៥យប់រំលងអធ្រាត្រចូលថ្ងៃទី៣០ មីនា ដោយរោគាពាធ ។ នាងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកពូទៅប្រតិស្ឋាននៅទីកន្លែងដ៏ខ្ពង់ខ្ពស់ ផុតចាកសេចក្តីទុក្ខទាំងឡាយទាំងពួង កុំបីឃ្លាតក្លាយទៅជាបការៈដទៃឡើយនេះជាការបាត់បង់ វិរៈសិល្បករដ៏មានតម្លៃបំផុត នក្នុងវិស័យសិល្បៈខ្មែរ»។
រីឯអ្នកកំប្លែងរួមជំនាន់លោក សាន ម៉ៅ ក៏សម្តែងការត្កុកក្តួលយ៉ាងខ្លាំងផងដែរចំពោះមរណភាពរបស់លោក វីតាមីនសេ នាពេលនេះ។ បើទោះបីជាលោកហាក់នៅមិនទាន់បានស្បើយពីជំងឺប្រចាំកាយក៏ដោយ ប៉ុន្តែតារារូបនេះនៅតែឆ្លៀតដើម្បីបានចូលរួមបុណ្យសពលោក វីតាមីនសេ ព្រោះពួកលោកមានប្រវត្តិច្រើនរាប់មិនអស់ជាមួយគ្នាតាំងឆ្នាំ៧៩មក។ រីឯតារាកំប្លែងភ្នែកតូចលោក ជួង ជី ហៅកុយ ក៏សម្តែងការត្កុកក្តួលផងដែរ ក្នុងពេលដែលលោកបានបាត់បង់ដៃគូសម្តែងដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាជាបន្តបន្ទាប់។
ក្រៅពីសាររបស់តារាខាងលើនេះ ក៏មានសាររំលែកទុក្ខជាច្រើនទៀតពីសំណាក់សិល្បករផ្សេងៗដែលបានបង្ហោះយ៉ាងព្រោងព្រាតតាមបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីភាពសោកស្តាយចំពោះមរណភាពរបស់លោក វីតាមីនសេ នាពេលនេះ។
គួររំលឹកថា លោក មៅ សាមឿន ហៅវីតាមីនសេ បានទទួលមរណភាពកាលពីវេលាម៉ោង១២ និង១៥យប់រំលងអាធ្រាត្រចូលថ្ងៃទី៣០ មីនា ដោយរោគាពាធ ។ ខណៈពេលនេះសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅផ្លូវ២៧១ ម្ដុំត្រឡោកបែក ដោយកំណត់ដង្ហែទៅវត្តមកុដបុរី ហៅវត្តតាំងក្រសាំង ខាងក្រោយវត្តទឹកថ្លា នៅថ្ងៃអាទិត្យ ទី១ មេសា ដើម្បីបូជានៅវេលាម៉ោង៨យប់ ៕