រាជធានីភ្នំពេញ ៖ បទចម្រៀងថ្មីមួយបទរបស់ផលិតកម្មសាន់ដេ ដែលមានចំណងជើងថា «រាំស្កុប» ដែលច្រៀងដោយតារាស្រីសិចស៊ី នាងយូរី ត្រូវបានក្រសួងព័ត៌មានសរសេរលិខិតជូនទៅម្ចាស់ស្ថានីយទូរទស្សន៍ និងទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ទូរទស្សន៍អនឡាញគ្រប់ប្រភេទ «បញ្ឈប់ការចាក់ផ្សាយ» ដោយសារតែវីដេអូបទចម្រៀងនេះ បានប្រើស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត ដោយគ្មានការអនុញ្ញាតិ ។ នេះបើយោងតាមលិខិចមួយច្បាប់របស់ក្រសួងព័ត៌មានចុះនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីខៀវ កាញារីទ្ធ ។
ក្នុងលិខិតបានបញ្ជាក់ថា ផលិតកម្មសាន់ដេបានផលិតវីដេអូចម្រៀងនេះដែលនៅក្នុង «ឈុតសម្តែង បទចម្រៀងនោះបានប្រើប្រាស់ឯកសណ្ឋានដែលមានស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែតដោយពុំមានការអនុញ្ញាតពីមន្ទីរពេទ្យកាល់ម៉ែត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្ទីរពេទ្យ និងទឹកចិត្តក្នុងការបំពេញការងារវិជ្ជាជីវៈរបស់បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែតទាំងមូល»។ លិខិតរបស់ក្រសួងព័ត៌មានដដែលបានបញ្ជាក់ថា សូមឲ្យម្ចាស់ស្ថានីយទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕