រូបសំណាក​កវីគ​ង្គ ប៊ុ​ន​ឈឿ​ន ​លេច​ចេញ​ជា​រូបរាង​ហើយ គឺនៅ…

រាជធានី​ភ្នំពេញ ៖ រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី​ម្ចាស់​ស្ទឹង​សង្កែ​ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​លេច​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ចំណាយ​ពេលវេលា និង​ប្រាក់​សម្រាប់​ការ​សាង​សង់​ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​អាមេ​រិ​ក ដែល​ជា​ប្រាក់​ផ្ទាល់​របស់​ក្រុម​គ្រួសារ សាច់ញា​តិ​របស់​លោក ។

ប្រាង្គ សួនច្បារ និង​រូបសំណាក​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ធ្វើ​ឡើង​ស្ថិត​នៅ​​ក្នុង​បរិវេណ​វត្ត​កណ្តាល ជាប់មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខណៈ​ពេល​កម្មវិធី​ឆ្លង​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​៧ និង​៨ ខែមេសា ឆ្នាំ​២០១៨ ។

រូបសំណាក និង​ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​រំលេច​ជា​រូបរាង​នេះ​ឡើង​បន្ទាប់​ពី​ដើម​ដូង​ទី​១០ ដែល​មាន​ប្រវត្តិ​រឿងរ៉ាវ​តែង​និពន្ធ​បទ​ចម្រៀង​របស់​កវី​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដាំ​ឡើង​វិញ​កាលពី​អំឡុង​ឆ្នាំ​២០១៦ ។

ប្រធាន​ក្រុមព្រះ​សុរិយាលោក យាង វ​ណ្ឌី ដែល​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​កសាង​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​ក​ន្ល​មក​ថា រូបសំណាក និង​ប្រាង្គ​ដាក់​អដ្ឋិធាតុ លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន ចំណាយ​ប្រាក់​សាងសង់​អស់​ប្រមាណ​១៥.០០០​ដុល្លារ​អា​មេ​រិ​ក ជា​ប្រាក់​កូន ចៅ​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ផ្ទាល់ ។

បើ​តាម​លោក​យាង វ​ណ្ឌី ប្រាង្គ​តម្កល់​អ​ដិ្ឋ​ធាតុ​កសាង​ឡើង​តាម​រចនាបថ​ខ្មែរ ទំហំ​៦​ម៉ែត្រ​គុណ​៦​ម៉ែត្រ ហើយ​នៅ​មុខ​ប្រាង្គ​មាន​សួនច្បារ និង​មាន​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿន ។

ការ​ជួយ​រៀបចំ​កម្ម​សិ​ទិ្ធ​បញ្ញា និង​ការ​ចូលរួម​ជួយ​កសាង​រូបសំណាក​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន ពី​ក្រុម​របស់​លោក​នា​ពេល​នេះ​គឺ​ដោយសារ​ក្រុម​របស់​លោក​បាន​មើលឃើញ​ពី​គុណ​តម្លៃ​របស់​កវី​ឆ្នើម​រូប​នេះ ដែល​មហាជន​ខ្មែរ​ត្រូវ​តបស្នង​នូវ​អ្វី​ដែល​លោក​បាន​បូជា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​។ ទីតាំង និង​រូបសំណាក​នោះ​កសាង​ឡើង ក្នុង​គោលបំណង​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​កវី​រូប​នេះ​ជា​បន្ត​ទៀត ជាមួយនឹង​ការ​រំលឹក​នូវ​ស្នាដៃ​ដ៏​មាន​តម្លៃ​របស់​លោក​ផង​ដែរ ។

ចំណែក​លោក​មុត ថា​រី ដែល​ជា​កូនប្រសា​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​អះអាង​ថា «យើង​​មានការ​សប្បាយចិត្ត​ដោយសារ​តែ​យើង​បាន​បំពេញ​បំណង​ដែល​ឪពុក​របស់ខ្ញុំ​ចង់​បាន​មុន​ពេល​ទទួលមរណភាព ។ បើ​ទោះបីជា​រូបសំណាក​លោក​គ​ង្គ ប៊ុ​ឈឿ​ន ហាក់​នៅ​មិន​ទាន់​ដូច​រូប​ដើម​មួយ​រយ​ភាគរយ​ក្តី ប៉ុន្តែ​យើង​នៅ​តែ​ទទួលយក​ដោយសារ​នេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ក្រុម​យុវជន​ស្ម័គ្រ​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ »​។

បើ​តាម​លោក​មុត ថា​រី នា​ពេល​ខាង​មុខ​ក្រុម​គ្រួសារ​របស់​លោក​គ្រោង​នឹង​សាងសង់​រូបសំណាក​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន មួយទៀត​ដែល​អាច​មាន​លក្ខណៈ​ដូច​ទៅ​នឹង​រូប​ដើម​របស់​លោក​តែ​ម្តង ។

នៅ​ថ្ងៃ​ឆ្លង​នៃ​ពិធីបុណ្យ​នោះ​មានការ​ប្រគំ​តន្ត្រី ដែល​ចូលរួម​ដោយ​តារាចម្រៀង​ជា​ច្រើន​នាក់​ពី​រាជធានី​ភ្នំពេញ និង​ប្រិ​យ​មិត្ត​ពី​ទី​ជិត​ឆ្ងាយ ដែល​និយម​គាំទ្រ​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ក្នុង​នោះ​លោក​អ៊ា​ម វ​ន្នី ដែល​ជា​តារាចម្រៀង​ក៏​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផង​ដែរ ។

កវី​ស្ទឹង​សង្កែ​លោក​គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​នៃ​ប្រទេស​ន័​រ​វ៉េ​ស ដោយសារ​ជំងឺមហារីក ក្នុង​វ័យ​៧៧​ឆ្នាំ​៕