រាជធានីភ្នំពេញ៖ តារាចម្រៀងជើងចាស់មានទឹកដមសម្លេងស្រទន់លោក នូ ស៊ឹប បានចាប់ផ្តើមប្រឡូកក្នុងវិស័យចម្រៀងប្រមាណជាជាង៣០ឆ្នាំមកហើយ ប៉ុន្តែបើនិយាយពីកម្រិតជីវភាពវិញតារាចម្រៀងរូបនេះហាក់មិនមានអ្វីសេសសល់ច្រើនឡើយ ក្រៅតែអំពីការនៅផ្ទះជួល ក្នុងជីវភាពដ៏ខ្វះខាត។
ក្នុងវ័យ៧១ឆ្នាំលោក នូ ស៊ឹប កំពុងតែស្នាក់នៅផ្ទះជួលមួយកន្លែងនៅមុខពេទ្យរស្ស៊ីជាមួយនឹងក្មួយ និងចៅ២នាក់ ដែលការស្នាក់នៅរបស់លោកគឺមានរយៈពេលប្រមាណជាង១០ឆ្នាំមកហើយ បន្ទាប់ពីលោកបាត់បង់ស្ទើតែទាំងស្រុងនូវការសម្តែង។ ម្ចាស់បទ «អនិច្ចារ្យអ្នកស្រែ» លោក នូ ស៊ឹប បានរៀបរាប់ថា ក្នុងពេលបច្ចុប្បន្នលោកបានបាត់បង់ឱកាសក្នុងការច្រៀងជាច្រើនឆ្នាំហើយ ដោយសារតែគ្មានអ្នកហៅ បូករួមជាមួយជំងឺប្រចាំកាយនិងភាពចាស់ជរាផងនោះ។
លោក នូ ស៊ឹប ថ្លែងទាំងទឹកមុខស្រពោនថា៖ «បើទោះបីជារូបខ្ញុំបានប្រឡូកក្នុងវិស័យសិល្បះស្ទើពេញមួយជីវិតក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនមានអ្វីច្រើនសល់ជាប់នៅក្នុងខ្លួនឡើយ។ តែខ្ញុំកំពុងតែផ្ញើវាសនានិងបន្តជីវិតដែលនៅសេសសល់ចុងក្រោយនេះនៅក្នុងផ្ទះជួល ក្រោមការជួយឧបត្ថម្ភពីសប្បុរសជននានាដែលបានស្គាល់និងអាណិតអាសូរដល់រូបខ្ញុំតែប៉ុណ្ណោះ»។ បើតាមលោក នូ ស៊ឹប លោកបានមកនៅផ្ទះជួលនេះប្រមាណជាង១០ឆ្នាំមកហើយ ដោយក្នុងមួយខែត្រូវចំណាយ៥០ដុល្លារសម្រាប់ថ្លៃជួល ជាមួយនឹងការបូករួមថ្លៃទឹកថ្លៃភ្លើងនោះគឺជិត១០០ដុល្លារក្នុងមួយខែ។
លោកបន្តទាំងអួលដើម.ក ថាសព្វថ្ងៃលោកមិនអាចដើរច្រៀងបានដូចមុនទៀតឡើយហើយរាល់ការចំណាយប្រចាំថ្ងៃនេះគឺលោកបានមកពីជួយពីសប្បុរសជននានា និងប្រាក់ខែរត្រែត (ប្រាក់ចូលនិវត្តន៍)ជាទាហានប៉ុណ្ណោះ។ លោក នូ ស៊ឹប បានឲ្យដឹងទៀតថា លោកបានចូលប្រឡូកក្នុងវិស័យសិល្បះចម្រៀងនេះតាំងពីជំនាន់បែកខ្មែរក្រហមមកម្លេះ ដោយពេលនោះលោកមានការគាំទ្រខ្លាំងដោយសារតែលោកច្រៀងតែបទបដិវត្តន៍។ លុះមកដល់សម័យឆ្នាំ៨០លោកបានចូលបម្រើការងារជានាយទាហាន ដែលបាន ចូលនិវត្តន៍តាំងពីឆ្នាំ២០០៥ នៅពេលលោកទទួលបានត្រឹមសក្តិ២ប៉ុណ្ណោះ និងទទួលបានប្រាក់ខែ៤០ម៉ឺនរៀលក្នុងមួយខែ៕