នឹកឃើញដល់បាយឆាតុមយ៉ាំ ម្នាក់ៗច្បាស់ជាគិតថាពិបាកធ្វើ ស្មុគស្មាញហើយ តាមពិតស្រួលធ្វើអ៊ីចឹងសោះ! តែមួយភ្លែតសោះបានញ៉ាំបាត់ អត់ពិបាកទេ។ ចាំ Admin រៀបរាប់គ្រឿងផ្សំដែលត្រូវការ និងវិធីធ្វើនៅខាងក្រោមឲ្យបានដឹងទាំងអស់គ្នា។
គ្រឿងផ្សំ៖
- បាយស ១ចាន
- បង្គា ប្រហែល ១០ គ្រាប់
- ពងទា ១ គ្រាប់
- ខ្ទឹមក្រហម ១ មើម
- ក្រូចឆ្មា ១ ជំនិត
- ប៉េងប៉ោះ ១ ផ្លែ (យកអាទុំ)
- គល់ស្លឹកគ្រៃ ២ គល់ (ហាន់ម៉ដ្ឋៗ)
- ទឹកត្រី ១ ស្លាបព្រាបាយ
- អំបិល ១ ចុងស្លាបព្រាហ្វេ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ម្រេច ១ចុងស្លាបព្រាកាហ្វេ
- គ្រឿងតុមយ៉ាំ
វិធីធ្វើ៖
១. រោយអំបិល ស្ករស និងម្រេច ចូលក្នុងចានបង្គា ច្របល់ឲ្យសព្វ ទុកចោល ១០ នាទី
២. យកខ្ទះដាក់ភ្លើងឲ្យក្តៅបន្តិច ដាក់ប្រេងឆាចូលបន្តិច រួចដាក់ខ្ទឹមក្រហម និងស្លឹកគ្រៃហាន់ហើយចូល លីងឲ្យឈ្ងុយបន្តិច រួចដាក់បង្គាចូល ឆាឲ្យក្រហមបន្តិច បន្ទាប់មកចាក់បាយចូល ឆាឲ្យសព្វ កៀរទៅមួយចំហៀង
៣. គោះពងទាដាក់ចូលចាន កូរឲ្យសព្វ រួចចាក់ចូលក្នុងខ្ទះមួយចំហៀង ទុកឲ្យឆ្អិនបន្តិច រួចឆាច្របល់ចូលគ្នាជាមួយបាយ និងបង្គា បន្ទាប់មកដាក់ គ្រឿងតុមយ៉ាំចូល រោយស្ករសពីលើបន្តិច ដាក់ប៉េងបោះចូល ឆាចូលគ្នាបន្តិច រួចដាក់ទឹកត្រីចូល ចុងក្រោយច្របាច់ ក្រូចឆ្មារ ១ជំនិតចូលជាការស្រេច។
យើងនឹងទទួលបានបាយឆាតុមយ៉ាំ មួយចានដែលមានរសជាតិឆ្ងាញ់ មិនចាញ់ទៅញ៉ាំនៅហាងទេ។