នឹក​ឃើញ​ដល់​បាយ​ឆា​តុម​យ៉ាំ​ ម្នាក់​ៗ​ច្បាស់​ជា​គិត​ថា​ពិបាក​ធ្វើ​ ស្មុគ​ស្មាញ​ហើយ​ តាម​ពិត​ស្រួល​ធ្វើ​អ៊ីចឹង​សោះ​!​ តែ​មួយ​ភ្លែត​សោះ​បាន​ញ៉ាំ​បាត់​ អត់​ពិបាក​ទេ​។​ ចាំ​ Admin រៀប​រាប់​គ្រឿង​ផ្សំ​ដែល​ត្រូវ​ការ​ និង​វិធី​ធ្វើ​នៅ​ខាង​ក្រោម​ឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា​។​

គ្រឿង​ផ្សំ​៖​

  • បាយ​ស​ ១​ចាន
  • បង្គា​ ប្រហែល​ ១០​ គ្រាប់
  • ពង​ទា​ ១​ គ្រាប់​
  • ខ្ទឹម​ក្រហម​ ១​ មើម
  • ក្រូច​ឆ្មា​ ១​ ជំនិត
  • ប៉េងប៉ោះ​ ១ ផ្លែ​ (យក​អា​ទុំ)
  • គល់​ស្លឹក​គ្រៃ​ ២​ គល់ (ហាន់​ម៉ដ្ឋ​ៗ)
  • ទឹក​ត្រី​ ១ ស្លាប​ព្រា​បាយ
  • អំបិល​ ១ ចុង​ស្លាប​ព្រា​ហ្វេ
  • ស្ករ​ស​ ១​ស្លាប​ព្រា​កាហ្វេ
  • ម្រេច​ ១​​ចុង​ស្លាប​ព្រា​កាហ្វេ
  • ​គ្រឿង​តុមយ៉ាំ​

វិធី​ធ្វើ​៖

១. រោយ​អំបិល​ ស្ករ​ស​ និង​ម្រេច​ ចូល​ក្នុង​ចាន​បង្គា ច្របល់​ឲ្យ​សព្វ​ ទុក​ចោល​ ១០​ នាទី​​

២. យក​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ​បន្តិច​ ដាក់​ប្រេង​ឆា​ចូល​បន្តិច​ រួច​ដាក់​ខ្ទឹម​ក្រហម​ និង​ស្លឹក​គ្រៃ​ហាន់​ហើយ​ចូល​ លីង​ឲ្យ​ឈ្ងុយ​បន្តិច​ រួច​ដាក់​បង្គា​ចូល​ ឆា​ឲ្យ​ក្រហម​បន្តិច​ បន្ទាប់​មក​ចាក់​បាយ​ចូល​​ ឆា​ឲ្យ​សព្វ​ កៀរ​ទៅ​មួយ​ចំហៀង​

៣. គោះ​ពង​ទា​ដាក់​ចូល​ចាន​ កូរ​ឲ្យ​សព្វ​ រួច​ចាក់​ចូល​ក្នុង​ខ្ទះ​មួយ​ចំហៀង​ ទុក​ឲ្យ​ឆ្អិន​បន្តិច​ រួច​ឆា​ច្របល់​ចូល​គ្នា​ជា​មួយ​បាយ​ និង​បង្គា​ បន្ទាប់​មក​ដាក់​ គ្រឿង​តុមយ៉ាំ​ចូល​ រោយ​ស្ករ​ស​ពី​លើ​បន្តិច​ ដាក់​ប៉េង​បោះ​ចូល ឆា​ចូល​គ្នា​បន្តិច​ រួច​ដាក់​ទឹក​ត្រី​ចូល​ ចុង​ក្រោយ​ច្របាច់​ ក្រូច​ឆ្មារ​ ១​ជំនិត​ចូល​ជា​ការ​ស្រេច​។​

យើង​នឹង​ទទួល​បាន​បាយ​ឆា​តុម​យ៉ាំ​ មួយ​ចាន​ដែល​មាន​រសជាតិ​ឆ្ងាញ់​ មិន​ចាញ់​ទៅ​ញ៉ាំ​នៅ​ហាង​ទេ។​​​​