ចេកឆាបស្រួយស្រឹបឆ្ងាញ់ ធ្វើទុកញ៉ាំបានយូរមិនពិបាកធ្វើសោះ

ចេកឆាបស្រួយឆ្ងាញ់ទុកបានយូរ

0
2575

ចេកឆាបបើធ្វើទុកញ៉ាំចំណេញណាស់ ព្រោះថាយើងអាចរក្សាទុកបានយូរ ធ្វើតែម្ដងអាចញ៉ាំបានរាប់ខែឯណោះ។ បែបនេះ មានអ្នកណាចាប់អារម្មណ៍ចង់រៀនធ្វើទេ ព្រោះថាងាយៗមិនពិបាកធ្វើសោះឡើយ គ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមនេះ សម្រាប់អ្នកដែលធ្វើហើយចែកAdmin ខ្លះផងទុកញ៉ាំកុំអោយទំនេរមាត់ យើងបានធាត់ទាំងអស់គ្នា។

រូបភាព៖ មា៉យា៉នុត ជាច័ន្ទ

គ្រឿងផ្សំដែលត្រូវមាន៖

  • ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ស្ទើរទុំ)
  • ស្ករស ឬស្ករត្នោត ១គីឡូក្រាម
  • អំបិល ១ស្លាបព្រាកាហ្វេ
  • កំបោរស ១ស្លាបព្រាបាយ

របៀបធ្វើ៖

  • យកកំបោរទៅកូរជាមួយទឹក៣លីត្រឲ្យសព្វរួចទុកឲ្យរងថ្លា
  • ចេកបកសំបកចេញឲ្យស្អាត រួចលាងទឹកឲ្យស្អាត យកទៅត្រាំជាមួយទឹកកំបោររក្សាទុក រយៈពេល ២ម៉ោង
  • ក្រោយពីត្រាំអស់រយៈពេល ២ម៉ោងមកស្រង់យកចេកចេញលាងទឹកធម្មតា​ឲ្យស្អាតរួចទុកឲ្យស្រស់ទឹក
  • ចិតចេកជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅដាក់ហាលថ្ងៃឲ្យស្រពាប់
  • ដាក់ខ្ទះនៅលើភ្លើងឲ្យក្ដៅ ចាក់ប្រេងឆាចូល​យកបន្ទះចេកហាលថ្ងៃឲ្យស្រពាប់នោះទៅដាក់បំពងនៅក្នុងខ្ទះឲ្យក្រហម រួចធ្វើការស្រង់មកដាក់ទុកអោយស្ងួត
  • យកស្ករសទៅដាក់កូរ ដោយចាក់ទឹកចូលបន្ដិចហើយកូរឲ្យរលាយស្ករ​រួចចាក់ចេកចូល​ និងលើកចុះពីលើភ្លើងដោយក្រឡុកចេកឲ្យសព្វជាមួយស្ករ និងបន្ដកូរវាឲ្យស្ងួតទើបឈប់រួចជាការស្រេច

ដើម្បីរក្សាទុកបានយូរត្រូវយកចេកទៅដាក់ក្នុងថង់​ ឬកែវបិតគម្របឲ្យបានជិតល្អ៕

រូបភាព៖​ Polo Shop
រូបភាព៖​ Polo Shop