ចេកឆាបបើធ្វើទុកញ៉ាំចំណេញណាស់ ព្រោះថាយើងអាចរក្សាទុកបានយូរ ធ្វើតែម្ដងអាចញ៉ាំបានរាប់ខែឯណោះ។ បែបនេះ មានអ្នកណាចាប់អារម្មណ៍ចង់រៀនធ្វើទេ ព្រោះថាងាយៗមិនពិបាកធ្វើសោះឡើយ គ្រឿងផ្សំ និងរបៀបធ្វើមាននៅខាងក្រោមនេះ សម្រាប់អ្នកដែលធ្វើហើយចែកAdmin ខ្លះផងទុកញ៉ាំកុំអោយទំនេរមាត់ យើងបានធាត់ទាំងអស់គ្នា។

គ្រឿងផ្សំដែលត្រូវមាន៖
- ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ស្ទើរទុំ)
- ស្ករស ឬស្ករត្នោត ១គីឡូក្រាម
- អំបិល ១ស្លាបព្រាកាហ្វេ
- កំបោរស ១ស្លាបព្រាបាយ
របៀបធ្វើ៖
- យកកំបោរទៅកូរជាមួយទឹក៣លីត្រឲ្យសព្វរួចទុកឲ្យរងថ្លា
- ចេកបកសំបកចេញឲ្យស្អាត រួចលាងទឹកឲ្យស្អាត យកទៅត្រាំជាមួយទឹកកំបោររក្សាទុក រយៈពេល ២ម៉ោង
- ក្រោយពីត្រាំអស់រយៈពេល ២ម៉ោងមកស្រង់យកចេកចេញលាងទឹកធម្មតាឲ្យស្អាតរួចទុកឲ្យស្រស់ទឹក
- ចិតចេកជាបន្ទះស្ដើងៗ បន្ទាប់មកយកទៅដាក់ហាលថ្ងៃឲ្យស្រពាប់
- ដាក់ខ្ទះនៅលើភ្លើងឲ្យក្ដៅ ចាក់ប្រេងឆាចូលយកបន្ទះចេកហាលថ្ងៃឲ្យស្រពាប់នោះទៅដាក់បំពងនៅក្នុងខ្ទះឲ្យក្រហម រួចធ្វើការស្រង់មកដាក់ទុកអោយស្ងួត
- យកស្ករសទៅដាក់កូរ ដោយចាក់ទឹកចូលបន្ដិចហើយកូរឲ្យរលាយស្កររួចចាក់ចេកចូល និងលើកចុះពីលើភ្លើងដោយក្រឡុកចេកឲ្យសព្វជាមួយស្ករ និងបន្ដកូរវាឲ្យស្ងួតទើបឈប់រួចជាការស្រេច
ដើម្បីរក្សាទុកបានយូរត្រូវយកចេកទៅដាក់ក្នុងថង់ ឬកែវបិតគម្របឲ្យបានជិតល្អ៕

