សម្រាប់អ្នកអត់សូវចូលចិត្តធ្វើអាហារ ឬអាហារណាស្មុគស្មាញច្រើន សាកមករៀនធ្វើចាហួយសរសៃពងមាន់នេះមើល ស្រួលធ្វើទេ ចំណាយពេលតិចទៀត ហើយមិនចាំបាច់ត្រូវការគ្រឿងផ្សំច្រើនទៀត។ ត្រូវជាមួយខែក្តៅអ៊ីចឹង ធ្វើដាក់ក្លាសេទុកញ៉ាំត្រជាក់ៗ ដឹងតែឆ្ងាញ់សាហាវហ្មង។
គ្រឿងផ្សំ៖
- ពងមាន់ ២-៣គ្រាប់
- ម្សៅចាហួយ ១០ក្រាម
- ស្ករស ១៥០ក្រាម
- ទឹកស្អាត ១លីត្រ
- ស្លឹកតើយ ២-៣សន្លឹក (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖
១. គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចច្រោះកុំឱ្យដោយកាក
២. ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អ ទុកមួយរំពុះ
៣. បន្ទាប់មកស្រង់ស្លឹកតយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃឱ្យពេញឆ្នាំងកុំឱ្យដុំៗ រួចកូរចូលគ្នា
៤. រួចរាល់ហើយលើកចេញពីចង្ក្រានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕