ដូចយើងដឹងស្រាប់ហើយអាហារពេលព្រឹកជាអាហារសំខាន់បំផុតសម្រាប់សុខភាព។ ដូចនេះហើយទើបយើងត្រូវញ៉ាំវា កុំឲ្យខកខានឲ្យសោះ។ ដោយសារតែរាងកាយត្រូវការថាមពលច្រើន ដូចនេះហើយបើវាមិនទទួលបានអាហារូបត្ថម្ភ ឬ ថាមពលនៅពេលព្រឹក ការអស់កម្លាំងធ្វើឲ្យមានបញ្ហាសុខភាពនៅថ្ងៃក្រោយ។ អាហារពេលព្រឹកដែលយើងជ្រើសរើសគួរតែជាអាហារដែលមានប្រយោជន៍ដល់រាងកាយ មិនគួរញ៉ាំអាហារដែលផ្តល់ប្រយោជន៍តិចតួចដល់រាងកាយ ហើយធ្វើឲ្យយើងធាត់ទេ៖
ស៊ាំងវុិច
ស៊ាំងវ៉ិចជាអាហារពេលព្រឹកពេញនិយម នរណាៗក៏ចូលចិត្ត ព្រោះវាលឿន និងងាយស្រួល តែវាមិនមានផលល្អច្រើនចំពោះរាងកាយទេ ថែមទាំងងាយធ្វើឲ្យយើងធាត់ទៀត។ ជាពិសេសអ្នកដែលប្រញាប់ទៅធ្វើការ តែងតែជ្រើសរើសអាហារប្រភេទនេះ តែបើថ្ងៃណាមួយយើងធាត់ កុំសង្ស័យថាម៉េចបានគីឡូឡើងអត់ឈប់។
ទឹកផ្លែឈើកំប៉ុង ឬក្រដាស
ប្រាកដណាស់ថាញ៉ាំទឹកក្រូចល្អសម្រាប់រាងកាយ តែយើងគួរតែញ៉ាំទឹកក្រូចដែលច្របាច់ស្រស់ៗដោយខ្លួនឯង ដោយសារតែរាងកាយអាចទទួលបានសារធាតុចិញ្ចឹមពីផ្លែឈើសុទ្ធ ដែលគ្មានលាយគ្រឿងផ្សំផ្សេងៗ។ តែសម្រាប់អ្នកចូលចិត្តញ៉ាំទឹកផ្លែឈើកំប៉ុង ឬក្រដាស កាន់តែផឹកគឺកាន់តែធាត់ ដោយសារតែវាជាទឹកដែលសម្បូរដោយជាតិស្ករ ដែលមិនត្រឹមតែមិនទទួលបានវីតាមីនពីផ្លែឈើទេ ថែមទាំងធ្វើឲ្យធាត់ទៀតផង។
Cereal
ច្បាស់ជាមិនគូរឲ្យជឿហើយថា Cereal ជាអាហារពេលព្រឹកមួយដែលធ្វើឲ្យយើងធាត់។ ដោយសារតែ cereal ដែលលក់នៅលើទីផ្សារមានទាំងម្សៅ និងស្ករ តែបើសួរថាវាមានប្រយោជន៍ ឬអត់ ប្រាកដណាស់សារប្រយោជន៍ទាំងនោះបានមកពីទឹកដោះគោ ដែលញ៉ាំជាមួយតែប៉ុណ្ណោះ។ បើសិនជាយើងចូលចិត្តញ៉ាំ cereal ជាអាហារពេលព្រឹក គួរតែញ៉ាំលាយជាមួយផ្លែឈើ នឹងជួយរាងកាយទទួលបានវីតាមីន និងអត្ថប្រយោជន៍ផ្សេងៗ។
ឆាខ្វៃ
យកល្អកុំញ៉ាំវាតែម្តង។ មិនមែនតែឆាខ្វៃទេ សូម្បីតែនំធ្វើពីម្សៅដូចជា នំប៉័ង ដូណាត់ ជាដើម ព្រោះវាជាធ្វើឡើងពីម្សៅ ដែលជាម្សៅនឹងប្រែក្លាយជាស្ករ ដែលវាអាចនឹងចូលទៅក្នុងចរន្តឈាមបានយ៉ាងងាយបន្ទាប់ពីញ៉ាំវា។ ដូចនេះហើយបានជាយើងមានអាហារថាមានកម្លាំងពេលញ៉ាំអាហារប្រភេទនេះ។