ផ្លែស្រកានាគជាផ្លែឈើម៉្យាង មាននៅតំបន់ត្រូពិក សាច់របស់វាមាន ២ ប្រភេទ សាច់ខាងក្នុងពណ៌ស និង មួយប្រភេទផ្សេងទៀតពណ៌ក្រហម តែសម្បកវាមានពណ៌ក្រហមដូចគ្នា។ វាមានរសជាតិផ្អែម ហើយមានគ្រាប់នៅជាប់សាច់តែម្តង។ លើសពីនេះវាមានគុណប្រយោជន៍សំខាន់ៗដល់ទៅ ៧ យ៉ាងសម្រាប់សុខភាព៖
១. សម្បូរដោយសារធាតុចិញ្ចឹមល្អៗ ដូចជា៖
- កាឡូរី ១៣៦
- ប្រូតេអ៊ីន ៣ ក្រាម
- ខ្លាញ់ ០ ក្រាម
- កាបូអ៊ីដ្រាត ២៩ ក្រាម
- ជាតិកាកសរសៃ ៧ ក្រាម
- ជាតិដែក ៨% នៃ RDI
- ម៉ាញេស្យូម ១៨% នៃ RDI
- វីតាមីន C ៩% នៃ RDI
- វីតាមីន E ៩% នៃ RDI
២. ទប់ស្កាត់ជំងឺឈឺរ៉ាំរ៉ៃ
៣. មានជាតិកាកសរសៃច្រើន
៤. ជំនួយពោះវៀនឲ្យមានសុខភាពល្អ
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
៦. ជួយបង្កើនកម្រិតជាតិដែក
៧. ជាប្រភពម៉ាញេស្យូមល្អ។
ដើម្បីទទួលបានទឹកផ្លែស្រកានាគដែលមានរសជាតិឆ្ងាញ់ អាចធ្វើតាមវិធីខាងក្រោមនេះបាន៖
គ្រឿងផ្សំ៖
- ផ្លែស្រកានាគ ពណ៌ក្រហម ឬ ពណ៌សតាមចំណូលចិត្តហាន់ជាចំណិតៗ ចំនួន ១០០ ក្រាម
- ទឹកសឺរ៉ូ ពណ៌ក្រហម (ពណ៌អីក៏បាន) ១ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ
- ទឹកកកដុំតូចៗ ( បើសិនមានទឹកកកឈូស កាន់តែល្អ អាចដាក់ ១ចានចង្កឹះ )
វិធីធ្វើ៖
១. មុនដំបូងត្រូវចាក់ទឹកកកចូលទៅក្នុងឧបករណ៍ក្រឡុក បន្ទាប់មកដាក់ផ្លែស្រកានាគ ទឹកសឺរ៉ូ និង ទឹកក្រូចឆ្មារបញ្ចូលគ្នាតែម្តង បើកឧបករណ៍ក្រឡុកដោយប្រើកំលាំងធម្មតាបានហើយ ព្រោះផ្លែស្រកានាគវាទន់ ងាយបែក កិនទុកប្រហែល ២ ទៅ ៣ នាទីឲ្យវាម៉ដ្ឋខាប់ជាសាច់តែមួយរួចរាល់ហើយយើងអាចចាក់ដាក់ក្នុងកែវដែលរៀបចំស្អាតទុកពិសារបាន ។
*បញ្ជាក់ ដោយសារយើងបានកិនលាយជាមួយទឹកកក ប្រសិនទុកចោលយូរ ហើយមិនបានដាក់ទូទឹកកកទៀតនោះ វានឹងបាត់បង់រសជាតិលែងឆ្ងាញ់មិនខាន ។