មិនខ្វះទេ នៅតាមផ្សារទំនើប ផ្សារធម្មតា ឬនៅតាមផ្លូវ ទៅខេត្ត ច្បាស់ជាធ្លាប់ឃើញគេលក់ដំណាប់ម្នាស់នេះច្រើនហើយ។ កុំឲ្យពិបាកទិញគេពេលទៅដើរលេង រៀនធ្វើច្រកថង់ទុកខ្លួនឯងវិញ អស់លុយតិចទៀត អត់ពិបាកធ្វើទេ៖

គ្រឿងផ្សំ៖
- ម្នាស់ទុំ ១ផ្លែ
- ស្ករស ១២០ ក្រាម
- អំបិល ១/៤ ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មា ១ ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ២០ មីលីលីត្រ
- Maltose ១០ ក្រាម
វិធីធ្វើ៖
១. យកម្នាស់ចិតសម្បកឲ្យស្អាត រួចចិតជាចំនិតតូចៗ បន្ទាប់មកចិញ្រ្ចាំឲ្យល្អិត។ យកម្នាស់ដាក់ក្នុងចានមួយ រួចដាក់ស្ករ អំបិល និងទឹកក្រូចឆ្មាចូលកូអោយសព្វ ទុកចោល ២០នាទី

២. បន្ទាប់មកយកម្នាស់ទៅកូក្នុងខ្ទះក្តៅ រហូតដល់ស្ងួត សឹមដាក់ទឹកឃ្មុំ និង Maltose ចូលកូរហូតដល់ម្នាស់ស្ងួតល្អ នឹងឡើងពណ៌ល្អសឹមដាក់ចុះ។ បន្ទាប់ពីដំណាប់ត្រជាក់ សឹមយកទៅលុញជាដុំៗតូចល្មម រួចយកទៅប្រមៀលលើស្ករសអោយសព្វជាការស្រេច។

