របៀបធ្វើនំបញ្ចុកស្រុះជើងជ្រូក សម្រាប់ញ៉ាំគ្នា ៤ ទៅ ៥ នាក់

នំបញ្ចុកស្រុះជើងជ្រូក

0
6274

នំបញ្ចុកស្រុះជើងជ្រូក ជាម្ហូបរបស់ប្រទេសជិតខាង តែពេញនិយមនៅស្រុកយើងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់។គ្រាន់តែមើលរូបហើយ ក៏ចង់ចុចមើលរូបមន្តធ្វើដែរត្រូវអត់? គិតអីយូរ មើលរូបមន្តហើយស៊េវទុក ថ្ងៃណាទំនេរធ្វើញ៉ាំម៉ាផ្ទះហ្មង។

Image may contain: food

គ្រឿផ្សំ៖

  • ជើងជ្រូក ៧០០ ក្រាម
  • សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
  • ប្រហិតសាច់គោ ៣០០​ ក្រាម ឬប៉ាត់តេ ៣០០ ក្រាម (ដាក់ក៏បាន អត់ក៏បាន តាម​ការចូលចិត្ត)
  • បង្គារក្រៀម ២ ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)
  • ឈាមមាន់ ២​ ឬ ៣ ដុំ (ដាក់តាមការចូលចិត្ត)
  • តៅហ៊ូ ៣ដុំ (កាត់ដុំៗ ហើយយកទៅបំពង ឬ ចៀន)​
  • សាច់ក្តាមម៉ត់ ១ កែវ (អាចទិញបាននៅតាមផ្សារធម្មតា ឬផ្សារទំនើប អាចមើលតាមរូបខាងក្រោម)
  • ប៉េងប៉ោះទុំ ៣ ផ្លែ (កាត់ដុំៗជា ៤ ឬ ៥ដុំ តាមទំហំរបស់ប៉េងប៉ោះ)
  • ខ្ទឹមបារាំង ១ ចំហៀង
  • ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
  • អំបិល៣ស្លាបព្រាកាហ្វេ ទឹកត្រី៣ស្លាបព្រាបាយ ស្ករស​៣ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ
  • ពងមាន់ ២ គ្រាប់
  • បន្លែសម្រាប់ល្បោយ ដាក់តាមចូលចិត្ត មានដូចជា​សណ្តែកបណ្តុះ ត្រកួន​ ត្រយ៉ូងចេក ស្លឹកគូឆាយ ជី​
  • កាពិ អំពិលទុំ និង ម្ទេសហាន់ សម្រាប់បន្ថែមរសជាតិ
  • នំបញ្ចុក​ ២ គីឡូ
Image may contain: food

វិធីធ្វើ៖

១.​ លាងជើងជ្រូកកោសឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះជើងជ្រូក ​បន្ទាប់មកស្រង់ជើងជ្រូកចេញ​រួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត

២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣,៥ ទៅ ៤ លីត្រ។ ទឹកពុះដាក់ជើងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ៥កំពិស និងខ្ទឹមបារាំងចូល។ ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ។ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ២៥ ទៅ ៣០នាទី

Image may contain: food

៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ត់ បង្គាក្រៀមដែលចិញ្ច្រាំរួច គោះពងមាន់ពីរគ្រាប់ដាក់ រួចដាក់អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ និងទឹកត្រីកន្លះស្លាបព្រាបាយ រួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយអន្លើ

៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ រួចដាក់ប៉េងប៉ោះចូល ឆាប្រហែល២នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុបជើងជ្រូក។

៥. ដាក់ខ្ទះ ចាក់ប្រេងឆាចូលបន្តិច ប្រេងឆាក្តៅចាក់សាច់ជ្រូកចិញ្ច្រាំដែលលាយរួចចូលក្នុងខ្ទះ ឆាវាឲ្យទៅជាដុំៗប្រហែលជា២​ ទៅ ៣នាទី (មិនចាំបាច់ឲ្យឆ្អិនទេ ឆាដើម្បីយកពណ៍ និងក្លិនឈ្ងុយប៉ុណ្ណោះ) រួចចាក់សាច់ដែលឆារួចនោះចូលក្នុងឆ្នាំងស៊ុបជើងជ្រូក

Image may contain: food

៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតសាច់គោ និងប៉ាត់តេ ចូលក្នុងស៊ុប រួចបន្ថែមអំបិល១,៥ស្លាព្រាកាហ្វេ ស្ករស២ស្លាបព្រាកាហ្វេ ទឹកត្រី២,៥ស្លាបព្រាបាយ។ ភ្លក់និងថែមគ្រឿងទៅតាមការចូលចិត្ត។

បញ្ជាក់៖ រូបខាងក្រោមខ្ញុំយកចេញពីអ៊ីនធឺណេតទេ នំបញ្ចុកដែលខ្ញុំធ្វើ ខ្ញុំញុំាអស់ហើយអត់បានថតទេ​។ បងប្អូនអាចដាក់ជើងមាន់បន្ថែមក្នុងស៊ុបក៏បាន។ ខ្ញុំអត់ប្រើប៊ីចេង ឬម្សៅស៊ុបទេ​ បងប្អូនអាចដាក់បានតាមការចូលចិត្ត។ សាច់ក្តាមក្នុងរូបខាងក្រោមប្រើម៉ាកមួយណាក៏បានដែរ។