នំបញ្ចុកស្រុះជើងជ្រូក ជាម្ហូបរបស់ប្រទេសជិតខាង តែពេញនិយមនៅស្រុកយើងណាស់ ព្រោះវាមានរសជាតិឆ្ងាញ់។គ្រាន់តែមើលរូបហើយ ក៏ចង់ចុចមើលរូបមន្តធ្វើដែរត្រូវអត់? គិតអីយូរ មើលរូបមន្តហើយស៊េវទុក ថ្ងៃណាទំនេរធ្វើញ៉ាំម៉ាផ្ទះហ្មង។
គ្រឿផ្សំ៖
- ជើងជ្រូក ៧០០ ក្រាម
- សាច់ជ្រូកចិញ្ច្រាំ ៣០០ ក្រាម
- ប្រហិតសាច់គោ ៣០០ ក្រាម ឬប៉ាត់តេ ៣០០ ក្រាម (ដាក់ក៏បាន អត់ក៏បាន តាមការចូលចិត្ត)
- បង្គារក្រៀម ២ ស្លាបព្រាបាយ (លាងទឹកឲ្យស្អាត ហើយចិញ្ច្រាំឲ្យម៉ត់)
- ឈាមមាន់ ២ ឬ ៣ ដុំ (ដាក់តាមការចូលចិត្ត)
- តៅហ៊ូ ៣ដុំ (កាត់ដុំៗ ហើយយកទៅបំពង ឬ ចៀន)
- សាច់ក្តាមម៉ត់ ១ កែវ (អាចទិញបាននៅតាមផ្សារធម្មតា ឬផ្សារទំនើប អាចមើលតាមរូបខាងក្រោម)
- ប៉េងប៉ោះទុំ ៣ ផ្លែ (កាត់ដុំៗជា ៤ ឬ ៥ដុំ តាមទំហំរបស់ប៉េងប៉ោះ)
- ខ្ទឹមបារាំង ១ ចំហៀង
- ខ្ទឹម ស (ដំ ៥ កំពឹស និង ចិញ្ច្រាំ ៤ កំពិស)
- អំបិល៣ស្លាបព្រាកាហ្វេ ទឹកត្រី៣ស្លាបព្រាបាយ ស្ករស៣ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ
- ពងមាន់ ២ គ្រាប់
- បន្លែសម្រាប់ល្បោយ ដាក់តាមចូលចិត្ត មានដូចជាសណ្តែកបណ្តុះ ត្រកួន ត្រយ៉ូងចេក ស្លឹកគូឆាយ ជី
- កាពិ អំពិលទុំ និង ម្ទេសហាន់ សម្រាប់បន្ថែមរសជាតិ
- នំបញ្ចុក ២ គីឡូ
វិធីធ្វើ៖
១. លាងជើងជ្រូកកោសឲ្យស្អាត ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចស្រុះជើងជ្រូក បន្ទាប់មកស្រង់ជើងជ្រូកចេញរួចលាងជាមួយទឹកត្រជាក់ម្តងទៀតឲ្យបានស្អាត
២. ដាក់ឆ្នាំងដាំទឹកប្រហែល ៣,៥ ទៅ ៤ លីត្រ។ ទឹកពុះដាក់ជើងជ្រូកចូលរួច បង់អំបិលមួយស្លាបព្រាកាហ្វេ ខ្ទឹមសដំហើយ៥កំពិស និងខ្ទឹមបារាំងចូល។ ដួសពពុះខ្មៅចេញពីទឹកស៊ុបដើម្បីឲ្យទឹកស៊ុបថ្លាល្អ។ រំងាស់ដោយបើកភ្លើងតិចល្មមៗចំនួន ២៥ ទៅ ៣០នាទី
៣. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយនឹងសាច់ក្តាមម៉ត់ បង្គាក្រៀមដែលចិញ្ច្រាំរួច គោះពងមាន់ពីរគ្រាប់ដាក់ រួចដាក់អំបិលកន្លះស្លាព្រាកាហ្វេ ស្ករស១ស្លាបព្រាកាហ្វេ ទឹកប្រេងខ្យងកន្លះស្លាបព្រាបាយ និងទឹកត្រីកន្លះស្លាបព្រាបាយ រួចកូរចូលគ្នាឲ្យសព្វ ហើយទុកមួយអន្លើ
៤. ដាក់ខ្ទះចាក់ប្រេងឆាបន្តិចចូលឲ្យក្តៅរួចដាក់ខ្ទឹមសលីងឲ្យឈ្ងុយ រួចដាក់ប៉េងប៉ោះចូល ឆាប្រហែល២នាទី រួចហើយចាក់ប៉េងប៉ោះដែលឆារួចចូលក្នុងឆ្នាំងទឹកស៊ុបជើងជ្រូក។
៥. ដាក់ខ្ទះ ចាក់ប្រេងឆាចូលបន្តិច ប្រេងឆាក្តៅចាក់សាច់ជ្រូកចិញ្ច្រាំដែលលាយរួចចូលក្នុងខ្ទះ ឆាវាឲ្យទៅជាដុំៗប្រហែលជា២ ទៅ ៣នាទី (មិនចាំបាច់ឲ្យឆ្អិនទេ ឆាដើម្បីយកពណ៍ និងក្លិនឈ្ងុយប៉ុណ្ណោះ) រួចចាក់សាច់ដែលឆារួចនោះចូលក្នុងឆ្នាំងស៊ុបជើងជ្រូក
៦. ដាក់ឈាមមាន់ តៅហ៊ូ ប្រហិតសាច់គោ និងប៉ាត់តេ ចូលក្នុងស៊ុប រួចបន្ថែមអំបិល១,៥ស្លាព្រាកាហ្វេ ស្ករស២ស្លាបព្រាកាហ្វេ ទឹកត្រី២,៥ស្លាបព្រាបាយ។ ភ្លក់និងថែមគ្រឿងទៅតាមការចូលចិត្ត។
បញ្ជាក់៖ រូបខាងក្រោមខ្ញុំយកចេញពីអ៊ីនធឺណេតទេ នំបញ្ចុកដែលខ្ញុំធ្វើ ខ្ញុំញុំាអស់ហើយអត់បានថតទេ។ បងប្អូនអាចដាក់ជើងមាន់បន្ថែមក្នុងស៊ុបក៏បាន។ ខ្ញុំអត់ប្រើប៊ីចេង ឬម្សៅស៊ុបទេ បងប្អូនអាចដាក់បានតាមការចូលចិត្ត។ សាច់ក្តាមក្នុងរូបខាងក្រោមប្រើម៉ាកមួយណាក៏បានដែរ។