ចេះនៅ? នំស្លឹកស្រស់ គេធ្វើរបៀបនេះ តិចអត់ដឹងណា

នំស្លឹកស្រស់

0
2197

នំស្លឹកស្រស់ជានំខ្មែរមួយក្នុងចំណោមនំខ្មែរជាច្រើន។ ភាគច្រើនយើងឃើញមានវត្តមាននំមួយប្រភេទនេះ នៅតាមពិធីបុណ្យ និងការ​ មិនថាតូច ឬ ធំ​ ប្រជាជនខ្មែរនិយមប្រើនំនេះសម្រាប់ទទួលភ្ញៀវ និង ធ្វើជាបង្អែមលាងមាត់ ក្រោយពិសារភោជនីយអាហារហើយ។

របៀបធ្វើនំបត់ស្លឹកស្រស់ ឬ នំ កន្សែងស្រស់ ទាំងឈ្ងុយទាំងក្រអូប | Food

គ្រឿងផ្សំ៖

  • សណ្តែកបាយ កន្លះគីឡូ​
  • ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់​ក្នុងម្សៅសាគូ
  • ម្សៅ​សាគូ ឬ គេហៅថា ម្សៅ​សណ្ដែក​បាយ​ ១ ចាន​ចង្កឹះ​
  • ស្លឹកចេក
  • ទឹក​ ៨​ ចានចង្កឹះ​
  • អំបិល​ ១ ចុង​ស្លាព្រារ​កាហ្វេ

វិធីធ្វើ៖

១. ជាដំបូង​​ត្រូវ​ត្រាំ​សណ្ដែកបាយ (គ្មាន​សម្បក) លាង​ទឹក​ចេញ​ឱ្យ​ស្អាត សឹម​យកទៅ​ស្ងោរ​ឱ្យ​ឆ្អិន ដាក់ស្ករស អំបិល​ កូរអោយសព្វល្អ​ រួច​កិន ឬ​តប់​ៗវា​ឱ្យ​ម៉ដ្ឋ

២. ទុក​សណ្តែក​នោះ​ឱ្យ​ត្រជាក់​បន្តិច បន្ទាប់មក​​លុញមូល ធ្វើ​វា​ឱ្យ​ក្លាយជា​រាងមូលៗ ទំហំ​ប៉ិន​មេដៃ ទុក​មួយអន្លើ​សិន

៣. ចំណែក​ស្លឹកចេក​វិញ​ត្រូវ​ហែក​វា​ឱ្យ​ធំ​ល្មម រួច​យក​វា​មក​កាត់​ឱ្យចេញ​ជា​រាង​មូល យកចានធំល្មម​សង្កត់​លើ​ស្លឹកចេក​រួចកាត់​អោយមូល​

៤. យកម្សៅ​សាគូ យកមក​លាយ​ជាមួយ​ទឹក ឬ​ទឹក​អប់ជាមួយផ្កាម្លិះ (ប្រសិនបើ​ចង់ឱ្យ​វា​មាន​ក្លិនក្រអូប) រួច​ចាក់​ស្ករស​ចូល ហើយ​កូរ​ចូលគ្នា​ឱ្យ​សព្វ (ឱ្យ​រាង​រាវ​បន្តិច)។ ម្សៅ​ដែល​លាយ​រួច​ត្រូវ​យកទៅដាក់​ដាំ​លើ​ភ្លើង ហើយ​កូរ​រហូតដល់វា​ឱ្យ​ឡើង​ខាប់ ឆ្អិន​ល្អ សាច់​ម្សៅ​ឡើង​រលោងសឹម​ដាក់ចុះ

៥. ទុក​ម្សៅ​នោះ​ឱ្យ​ត្រជាក់​បន្តិច (ចៀសវាង​ម្សៅ​ក្តៅ​ធ្វើឱ្យ​ស្លោក​ស្លឹកចេក) រួច​សឹម​ធ្វើការ​វេច​ខ្ចប់។ ជា​ចុងក្រោយ​លោកអ្នក​គ្រាន់តែ​ដាក់​ស្នូល(សណ្តែក​ដែល​សូន​រួច) ដាក់​លើ​ស្លឹក ហើយ​ដួស​ម្សៅ​នោះ​ដាក់​ពីលើ រួច​ខ្ចប់​វា​ជា​រាង​បួន​ជ្រុងរៀបដាក់ចាន​ជាការ​ស្រេច។