អ្នកណាដែលថាមិនចង់នៅសាច់ចាំ ទៅណាមកណាមានគេសរសើរថាក្មេងជាងវ័យនោះ។ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េច បើវ័យចេះតែវិវត្តន៍ទៅ មានអ្នកណាដែលចង់ចាស់?
ប្រសិនបើអ្នកយកចិត្តទុកដាក់ និងអនុវត្តន៍នូវវិធីសាមញ្ញៗទាំង៤ខាងក្រោមនេះ សម្រស់របស់អ្នកច្បាស់ជាស្ថិតនៅវ័យក្មេងដោយមិនដឹងខ្លួន៖
១. ប្រើប្រាស់ផលិតផលដែលមានជាតិសំណើម និងការពារកម្តៅថ្ងៃបានល្អ៖ សារធាតុផ្តល់សំណើមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ភាពចាស់។ អ្នកមិនគួរប្រើប្រាស់ម៉្សៅ ឫក្រែមស្ងួតច្រើនពេកទេ តែជ្រើសរើសក្រែមលាបមុខណាដែលមានជាតិទឹកខ្ពស់ និងអាចផ្តល់សំណើមបានល្អប្រើប្រាស់ជារៀងរាល់យប់ និងថ្ងៃ។ មួយវិញទៀត អ្នកចាំបាច់ត្រូវប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិសំណើម និងការការពារមិនតិចជាង 50SPF+។ ប៉ុន្តែបើវាធ្វើឲ្យមុខអ្នករលើបខ្លាញ់ អ្នកអាចជ្រើសប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិ BB Cream ជំនួសវិញ។
អេ! បើទំនេរឧស្សាហ៍បិទម៉ាសផងណា៎!

២. ហាត់ប្រាណជាប្រចាំ៖ ដូចដែលគ្រប់គ្នាដឹងអីចឹង យើងមិនអាចមើលរំលងគុណសម្បត្តិរបស់ការហាត់ប្រាណបានឡើយ ព្រោះវាជាពិធីដ៏ល្អក្នុងការបណ្តេញជាតិពុលពីក្នុងខ្លួន។ ជាតិពុលទាំងនោះហើយដែលធ្វើឲ្យសាច់អ្នកមិនស្រស់ថ្លា មិនអាចមានសម្រស់ស្អាតចេញពីក្នុងមកក្រៅបាន។ សម្រាប់ស្រ្តី យូហ្គាជាលំហាត់ប្រាណមួយដ៏ល្អសម្រាប់បោសសម្អាតជាតិកខ្វក់ទាំងក្នុងរាងកាយ និងអារម្មណ៍។

៣. ទម្លាប់នៃការគេង៖ ទទួលស្គាល់ថាឥឡូវនេះម្នាក់ៗរវល់ច្រើន ប៉ុន្តែខួរក្បាល និងរាងកាយយើងមិនចេះយល់ចិត្តយើងវិញនោះទេ។ ពួកគេនៅតែត្រូវការឲ្យយើងគេងឲ្យគ្រប់ ៨ម៉ោងក្នុងមួយថ្ងៃ។ ហើយពេលវេលាគេងដែលល្អបំផុតនោះគឺកំឡុងពេលពីម៉ោង ១០យប់តទៅ។

៤. របបអាហារ៖ ដើម្បីស្អាត យើងត្រូវចេះជ្រើសរើសអាហារណាដែលមានប្រយោជន៍ចំពោះរាងកាយ។ ក្នុងមួយថ្ងៃ ត្រូវប្រាកដថាយ៉ាងហោចណាស់អ្នកបានញ៉ាំបន្លែ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ឫសាច់ត្រីបានមួយពេល។ ញ៉ាំទឹកឲ្យបានច្រើន និងព្យាយាមរក្សាទម្ងន់របស់អ្នកឲ្យនៅថេរ កុំឲ្យឡើងចុះច្រើនដងពេក ទើបមានសាច់ឈាមស្អាត។ យល់ល្អគួរជៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង និងការជក់បារី ព្រោះវាមិនបានផ្តល់ផលប្រយោេជន៍អ្វីដល់អ្នកឡើយ គឺមានតែបំផ្លាញ។
នៅមានទៀត អ្នកធ្លាប់បានញ៉ាំអាហារច្រើនមុខណាស់ទៅហើយ ហេតុអ្វីមិនញ៉ាំវីតាមីនE ខ្លះផង? វាក៏សំខាន់ដែរណា៎!

យ៉ាងណាក៏ដោយ រឿងដែលសំខាន់ខ្លាំងបំផុតដើម្បីឲ្យអ្នកមានសាច់ចាំ និងក្មេងជាងវ័យនោះ គឺអ្នកត្រូវតែជាមនុស្សចេះសប្បាយចិត្ត គិតអ្វីល្អៗ និងមិនដាក់សម្ពាធលើខ្លួនឯង។
វីដេអូ