Neymar អាចរកបាន២គ្រាប់យប់មិញ ក្នុងនោះមានបាល់ប៉េណាល់ទី១គ្រាប់ នៃជំនួបរវាង Paris St-Germain ឈ្នះ Bordeaux ដល់ទៅ៦-២។
នេះជាការទាត់ប៉េណាល់ទីលើកដំបូងនៅ PSG របស់កីឡាករប្រេស៊ីលចាប់តាំងពីមានជម្លោះរឿងទាត់បាល់មួយនេះជាមួយមិត្តរួមក្រុម Edinson Cavani កាលពីលេងជាមួយ Lyon។ ងាកទៅកាន់ការប្រកួតត្រឹមវគ្គទី១ ក្រុមអ្នកមាន PSG អាចរកបានដល់ទៅ៥គ្រាប់ ក្នុងនោះសម្រេចទីដោយ Neymar ២គ្រាប់, Cavani, Meunier និង Julian Draxler ប៉ុន្តែខាង Bordeaux ក៏រកបានមួយគ្រាប់វិញដោយកីឡាករ Younousse Sankhare។
ដល់វគ្គទី២ មិនទាន់អស់ចិត្ត Paris ក៏បានបន្ថែមមួយគ្រាប់ទៀតដោយកីឡាករខ្ចីជើង Mbappe ស្របពេលក្រុមភ្ញៀវតដៃបាន១គ្រាប់ទៀត ធ្វើបានដោយកីឡាករ Malcom។ តាមការឲ្យដឹងពីមិត្តរួមក្រុម Neymar និង Cavani នឹងចែកគ្នាទាត់ប៉េណាល់ទីម្នាក់ម្ដង មិនមែនទាត់ផ្ដាច់មុខទេ។ ឆ្លងកាត់៨ប្រកួតកន្លងមក PSG មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេក្នុង Ligue 1៕