រាជធានីភ្នំពេញ ៖ តារាសម្តែងលោកផែ សុផាន់ណា បានរៀបការជាមួយអតីតតារាសម្តែងអ្នកនាងសាសា ខេត កាលពីថ្ងៃទី២៨ តុលា ឆ្នាំ២០១៧ ខណៈអ្នកទាំង២បានរួមរស់នឹងគ្នាមានកូនប្រុសអាយុជិតមួយឆ្នាំទៅហើយ ។
ក្នុងទឹកមុខរីករាយរំលេចដោយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរឈរទទួលភ្ញៀវលោកផែ សុផាន់ណា បញ្ជាក់ថា «ចំណងស្នេហ៍រវាងខ្ញុំ និងភរិយាដែលស្រឡាញ់គ្នា៥ឆ្នាំ ទើប បានដល់ចំណងអាពាហ៍ពិពាហ៍ទាំងមានកូន បន្ទាប់ពីកន្លងទៅយើងទាំង២សុទ្ធតែជួបវិបត្តិគ្រូសារទាំងសងខាង ។
យ៉ាងណាមិញខ្ញុំបានបំបែកការបដិសេធ ដោយចាប់តាំងពីពួកយើងបានស្រឡាញ់គ្នាមក ខំរកស៊ីរហូតពេលពពោះកូនប្រុសមកស្រាប់តែមុខជំនួញចេះតែហក់ទៅមុខ គឺរកទទួលទានបានផលជាបន្តបន្ទាប់រហូតបានទិញផ្ទះ ទិញឡានដោយខ្លួនឯងទៀត ។ ចំណុចទាំងអស់នេះហើយ ទើបចាស់ទុំគាត់គិតថា នេះអាចជាគូននិស្ស័យពីបុព្វេទើបយើងបានសាងរូបភាព ល្អៗចេះតែទទួលបានផលលាភចូល ហើយតាំងពីមានកូនប្រុសម្នាក់នេះមក ដូចជានាំលាភសំណាង ដល់មាតាបិតារហូត សូម្បីតែថវិការៀបមង្គលការក៏ខ្ញុំ និងភរិយាចំណាយច្រើនសឹងតែ១០០% តែ២នាក់ហើយខ្ញុំក៏មានការងារធ្វើជាមន្ត្រី រាជការនៅក្រសួងមហាផ្ទៃទៀត ។ ទាំងនេះជាបំណងដែលខ្ញុំចង់បានតាំងពីយូរមកហើយថា បើមានប្រពន្ធត្រូវតែរៀបការទាល់់តែមានលុយខ្លួនឯងមានផ្ទះ មានឡាន ឥឡូវជួបដូចបំណងមែន» ។
លោកផែ សុផាន់ណា ជាតារាសម្តែងនិយមដើរតួកាច ហើយភាគច្រើនសម្តែងរឿងភាគរបស់ផលិតកម្ម ល្បីៗមួយចំនួន ។ លើសពីនេះលោកសម្តែងចម្រៀងកាយវិការខារ៉ាអូខេឱ្យផលិតកម្មហង្សមាសញឹកញាប់ ព្រមទាំងផលិតកម្មផ្សេងទៀត ។ ស្នាដៃចុងក្រោយដែលលោកផែ សុផាន់ណា សម្តែងគឺរឿង«ភក្តីស្នេហ៍ទ្វេភព ឬទុំទាវ»ចាក់បញ្ចាំងនៅទូរទស្សន៍ភីអិនអិន សម្តែងជាតួកាច ។
ចំណែកអ្នកនាងសាសា ខេត បានថ្លែងថា«ក្រោយរៀបការនាងខ្ញុំ និងស្វាមីផ្អាកអាជីពសិល្បៈ បើនាងខ្ញុំវិញឈប់ទាំងស្រុងដើម្បីមើលថែទាំកូន និងមុខរបរព្រោះថាការហើយនាងខ្ញុំ និងស្វាមីត្រៀមបង្កើតមុខរបរមួយពីរទៀតដែលរឹតតែមមាញឹក ។
ចំពោះប្តីរបស់នាងខ្ញុំស្រេចតែចិត្ត បើគាត់ចង់បន្តសម្តែងក៏មិនថាអី ហើយមិនប្រចណ្ឌទេ ព្រោះស្គាល់គ្នាជាង៥ឆ្នាំមានដល់ទៅកូនជាចំណងដៃ មិនគិតរឿងប្រចណ្ឌឡើយ ព្រោះយើងក៏ធ្លាប់ប្រឡូកសិល្បៈដឹងច្រើនពីរង្វង់សិល្បៈ ។ យ៉ាងណាសប្បាយចិត្តដែលនាងខ្ញុំ និងស្វាមីបានសម្រេចបំណងចូលរោងការតាមប្រពៃណី សំពះក្បាលដល់កន្ទេលជូនចាស់ទុំ » ៕